ឧកញ៉ា អាន ឌីណា អមអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ពិភាក្សាការងារជាមួយក្រុមហ៊ុនមកពីឥណ្ឌា

ថ្មីៗនេះ ក្រុមហ៊ុនមកប្រទេសឥណ្ឌាដែលវិនិយោគក្នុងវិស័យបច្ចេកវិទ្យា បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា ដើម្បីផ្គូរផ្គងអាជីវកម្មរវាងក្រុមហ៊ុនខ្មែរក្នុងវិស័យបច្ចេកវិទ្យាដែលជាសមាជិកសមាគម។

កិច្ចប្រជុំពិភាក្សានេះ ត្រូវបានដឹកនាំដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា លី សាំងឡេង និងឧកញ៉ា អាន ឌីណា អគ្គនាយកក្រុមហ៊ុន FSC Group និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ជាមួយនឹងតំណាងក្រុមហ៊ុន PCA Global Associates ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។

សមាគមឧកញ៉ាកម្ពុជា បានឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការធុរកិច្ច និងស្វែងរកដៃគូពាណិជ្ជកម្មនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន PCA Global Associates ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅប្រទេសឥណ្ឌា និងកំពុងបំពេញអាជីវកម្មលើដំណោះស្រាយក្នុងវិស័យអប់រំ ហិរញ្ញវត្ថុ សុខាភិបាល ការរៀបចំទីក្រុងវៃឆ្លាត ការគ្រប់គ្រងទូទៅ និងការអភិវឌ្ឍគេហទំព័រ និងបណ្តាញសង្គមនានាជាដើម។ 

តាមរយៈនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពក្នុងការសហប្រតិបត្តិការគ្នាបន្ថែមទៀត និងបន្តជំរុញភាពជាដៃគូធុរកិច្ចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានដ៏ធំនេះជាមួយនឹងសមាជិកសមាគមឧកញ៉ាកម្ពុជា ដែលកំពុងធ្វើអាជីវកម្មក្នុងវិស័យខាងលើនេះ៕

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គមសមាគមឧកញ៉ាកម្ពុជា