ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. បានដាក់ឲ្យដំណើរការផលិតសំបកកង់រថយន្តរបស់ខ្លួនជាផ្លូវការ ក្នុងទំហំទុនវិនិយោគប្រមាណ ១៤០លានដុល្លារអាមេរិក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ។
រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន Newbustar ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Qingdao Doublestar Group របស់ប្រទេសចិននៅក្នុងខេត្តក្រចេះ មានសមត្ថភាពផលិតសំបកកង់រ៉ាឌីកាល់ដែលមានប្រសិទ្ធភាពខ្ពស់បាន ៨,៥ លានក្នុងមួយឆ្នាំ។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា គូសបញ្ជាក់ថា ការសម្រេចបណ្តាក់ទុនវិនិយោគ រហូតដល់ទៅប្រមាណ ១៤០លានដុល្លារអាមេរិក ក្រុមហ៊ុន Newbustar Group នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ក្នុងខេត្តក្រចេះនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។
លោកបន្តថា ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Newbustar នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នួលក្នុងទឹកដីនៃខេត្តក្រចេះនេះ សំដៅចូលរួមចំណែក ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។
បើតាមលោក ជា វុទ្ធី តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នូល នេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យគួរឲ្យកត់សម្គាល់ ដូចជា ការផលិតសម្ភារៈអគ្គិសនី ផ្តុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី មានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។
លោកបន្ថែមថា ការរីកចម្រើនជាបន្តបន្ទាប់ នៃឧស្សាហកម្មផលិតសំបកកង់យានយន្ត នៅកម្ពុជានេះ បានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ អំពីការផ្តល់សេចក្តីទុកចិត្ត របស់វិស័យឯកជនមកលើរាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០៕
អត្ថបទ៖ ផល កុសល រូបភាព៖ CDC