វិនិយោគិនមកពីតំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគនៅកម្ពុជា

វិនិយោគិនមកពីតំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគនៅកម្ពុជា

គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) មកពីតំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើ ឧស្សាហកម្មវាយនភ័ណ្ឌនៅកម្ពុជា។ នេះបើយោងតាមជំនួបថ្ងៃចន្ទ ទី២ ខែកញ្ញានេះរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group)។

លោក William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង ដែលបានដឹកនាំគណៈប្រតិភូពីតំបន់រដ្ឋបាលពិសេសហុងកុងបំពេញទស្សនកិច្ចនៅកម្ពុជា បានកត់សម្គាល់លើការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះ គណៈប្រតិភូ បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាព និងឱកាសដាក់ទុនវិនិយោគរបស់ខ្លួន មកកាន់កម្ពុជានាពេលខាងមុខ ដោយផ្តោតជាពិសេសលើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរ ផលិតសម្លៀកបំពាក់ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស ដែលមានសក្តានុពលផងដែរ។

ក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយក្នុងការសម្របសម្រួល ជាមួយនឹងបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមាន ជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុត៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC