ដោយសារការនាំចូលយ៉ាងគំហុកពីក្រៅប្រទេស អ្នកផលិតអំបិលនៅខេត្តកំពត និងកែប បានស្នើដល់រាជរដ្ឋាភិបាលកំណត់ចំនួនកូតា នៃការនាំចូលអំបិលពីប្រទេសជិតខាង ដើម្បីផ្តល់ឱ្យអ្នកផលិតអំបិលក្នុងស្រុក អាចបញ្ចេញអំបិលផ្គត់ផ្គង់នៅលើទីផ្សារ ក្នុងតម្លៃសមរម្យ។
ក្នុងកិច្ចប្រជុំរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ក្រុមអ្នកផលិតអំបិលក្នុងស្រុក មើលឃើញថា មានការនាំចូលអំបិលតាមច្រករបៀងផ្សេងៗ ចូលមកកម្ពុជា ក្នុងបរិមាណយ៉ាងច្រើន ដែលជាហេតុនាំឱ្យឈ្មួញទម្លាក់តម្លៃអំបិល ដែលផលិតបាននៅស្រុក ខណៈនៅឆ្នាំ២០២៤នេះការផលិតផលអំបិលក្នុងស្រុកបានកើនឡើងខ្ពស់ រហូតដល់ជាង ១៣ម៉ឺនតោន។
ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប លោក ប៊ុន ណារិន បានឱ្យដឹងថា បច្ចុប្បន្ននេះអំបិលដែលកំពុងផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា មានប្រមាណ ៤០% ត្រូវបាននាំចូលមកពីប្រទេសថៃទាំងផ្លូវការ និងក្រៅផ្លូវការ និងមួយចំនួនទៀតនាំចូលមកពីវៀតណាម។ ការនាំចូលអំបិលយ៉ាងច្រើន ពីប្រទេសជិតខាងបែបនេះ បានធ្វើឱ្យអំបិលកម្ពុជា ពិបាកក្នុងការប្រកួតប្រជែងជាមួយអំបិលនាំចូល ដែលមានតម្លៃថោកជាង។
លោកថា ការដែលអំបិលក្នុងស្រុកថ្លៃជាងអំបិលនាំចូល ដោយសារថ្លៃដើមនៃការផលិតខ្ពស់ ព្រោះតម្លៃកម្លាំងពលកម្មថ្លៃជាងមុន ស្របពេលដែលសមត្ថភាពផលិតនៅទាប។
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ តំណាងអគ្គនាយកដ្ឋានគយ បានលើកឡើងដោយយសារផលិតកម្មអំបិលនៅកម្ពុជានៅតូច ដែលក្នុងមួយឆ្នាំផលិតបានតែ ៤ខែប៉ុណ្ណោះ ហើយប្រសិនបើរដ្ឋាភិបាលរិតត្បិត ឬកំណត់បរិមាណនាំចូលទៀតនោះ នឹងធ្វើឱ្យតម្រូវការអំបិលកើនឡើង តម្លៃកើនឡើងប៉ះពាល់ដល់អ្នកប្រើប្រាស់។
លោក ប៊ុន ណារិន បានលើកឡើងថា ក្នុងមួយឆ្នាំ កម្ពុជាមានតម្រូវការអំបិលសរុបប្រមាណពី៧ទៅ៨ម៉ឺនតោន ដែលការប្រើប្រាស់ភាគច្រើនទៅលើការធ្វើត្រីប្រហុក និងឆៃប៉ូវ។ ចំពោះតម្លៃវិញ មកទល់ពេលនេះ តម្លៃអំបិលផលិតក្នុងស្រុកបានធ្លាក់ចុះដល់ ៨ពាន់រៀលក្នុងមួយប៉ាវ (ចំណុះ៥០គីឡូក្រាម) ខណៈកាលពីឆ្នាំមុន ចំណុះដូចគ្នា មានតម្លៃ២ម៉ឺនរៀល និងអំបិលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមាន ៣ម៉ឺនរៀល៕
អត្ថបទ៖ ផល កុសល