ក្នុងរយៈពេលមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន៣៩១ មានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាមេរិក ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បើតាមយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
សេចក្ដីប្រកាសព័ត៌មានរបស់ CDC ក្នុងរយៈពេលមួយឆ្នាំ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង។
CDC គូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ដល់ទៅប្រមាណ ៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា មួយឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ ជាមួយគ្នានោះដែរ នៅក្នុងរយៈពេលពេញមួយឆ្នាំនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុនវិនិយោគសរុប៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម