ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៣០៦ លានដុល្លារអាមេរិក ដែលធ្វើឡើងក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។
គម្រោងចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៣០៦លានដុល្លារអាមេរិក ក្នុងនោះរួមមាន៖ រោងចក្រកែច្នៃអាលុយមីញ៉ូម សិប្បកម្មកែឆ្នៃដែក រោងចក្រផលិតបំពង់ទីបដែក រោងចក្រផលិតចំណីសត្វ រោងចក្រផលិតគ្រឿងសង្ហារិម អគារពហុមុខងារ គម្រោងអភិវឌ្ឍលំនៅដ្ឋាន ស្ថានីយ៍សាករថយន្តអគ្គិសនី (EVs) សណ្ឋាគារ និង ភោជនីយដ្ឋាន។
សូមជម្រាបថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ៦១ គម្រោង គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២៤ និងគម្រោងសរុបចំនួន ១១០ គម្រោង គិតត្រឹមថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ ដែលលើសពីគោលដៅសូចនាករ ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តកម្មវិធីពិសេស ។
លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បញ្ជាក់ថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និងការជំរុញការអនុវត្តវិធានការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ និងធុរកិច្ច ក្រុមការងារក៏កំពុងអនុវត្តវិធានការផ្សេងទៀត ដើម្បីជំរុញសម្ទុះសកម្មភាពវិនិយោគក្នុងខេត្ត ដែលរួមមាន ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព ការរៀបចំវេទិកាទាក់ទាញការវិនិយោគ ការសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូកម្រិតខ្ពស់, ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម និងការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ផ្តល់ឲ្យ