សម្តេច ហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេលមួយឆ្នាំមានរោងចក្របើកថ្មីចំនួន២៧៥ និងបង្កើតការងារថ្មីជាង ១៣ម៉ឺនកន្លែង

សម្តេច ហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេលមួយឆ្នាំមានរោងចក្របើកថ្មីចំនួន២៧៥ និងបង្កើតការងារថ្មីជាង ១៣ម៉ឺនកន្លែង

ក្នុងពេលថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤ នាយប់ថ្ងៃព្រហស្បតិ៍នេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះពីជាបច្ចុប្បន្នបញ្ហាសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពនឹងនរ មានភាពមិនប្រាកដប្រជា ជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយក៏ស្ថានភាពវិស័យការងារនៅក្នុងប្រទេសកម្ពុជានៅតែមានភាពវិជ្ជមាន។ 

សម្តេចមានប្រសាសន៍ថា ក្នុងរយៈពេល ១២ ខែ ឆ្នាំ២០២៤នេះ ទោះបីជាមានរោងចក្រសហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយ ប៉ុន្ដែក៏មានរោងចក្រសហគ្រាសបើកថ្មីជាច្រើនផងដែរ ដោយបានបង្កើតការងារជាង ២២ម៉ឺនកន្លែង ដោយក្នុងនោះមានរោងចក្រកាត់ដេរបើកថ្មីចំនួន ២៧៥ រោងចក្រ បង្កើតការងារថ្មីជាង ១៣ម៉ឺនកន្លែង។

បើតាមសម្ដេច ហ៊ុន ម៉ាណែត គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហាឆ្នាំ ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៩១ គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៧,៦ ពាន់លានដុល្លារ ដោយក្នុងនោះមានវិនិយោគិនមកពីបរទេសដូចជា ចិន អាមរិក ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអ៊ែត រួមនឹងប្រទេសក្នុងតំបន់អាស៊ាន សភាពអ៊ឺរ៉ុប អូស្រ្ដាលី និងពីបណ្ដាប្រទេសជាច្រើនទៀត។

ទន្ទឹមនឹងនេះដែរ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់ថា ទោះបីជារយៈពេល១២ខែ កន្លងមកនេះ បញ្ហាសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពនឹងនរ មិនច្បាស់លាស់ ប៉ុន្ដែប្រទេសកម្ពុជាអាចរក្សាបាននៅស្ថិរភាព និងសេដ្ឋកិច្ចកំពុងមានកំណើនឡើងវិញដល់ជាង៦%នៅឆ្នាំ២០២៤នេះ៕

អត្ថបទ៖ សាងតេជៈ