បុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប គឺធនាគារ វីង សហការជាមួយក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុននាំមុខក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដើម្បីដាក់ឱ្យដំណើរការ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត តែមួយគត់ក្នុងប្រទេសកម្ពុជា។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា វីងវីសាអ៊ីហ្វីនីតក្រេឌីតកាត របស់ធនាគារវីង ផ្តល់ជូននូវការប្រើប្រាស់ឥណទានដែលគ្មានគូប្រៀប អាចធ្វើប្រតិបត្តិការតាមអនឡាញ និងទីតាំងហាងដោយផ្ទាល់យ៉ាងរលូន ក៏ដូចជាអត្ថប្រយោជន៍នៃការធ្វើដំណើរដែលសក្តិសមឥតខ្ចោះសម្រាប់បំពេញតម្រូវការជូនអតិថិជន។
ជាមួយនឹង វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត នៅក្នុងដៃ ម្ចាស់កាតមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានរហូតដល់១លានដុល្លារអាមេរិក និងទទួលបានការអនុគ្រោះមិនបង់ការប្រាក់រយៈពេល៥៥ថ្ងៃ ដែលជួយឱ្យអតិថិជនអាចធ្វើការគ្រប់គ្រងរំហូរសាច់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលបន្ថែមទៀត។ នេៈបើតាមការប្រកាសព័ត៌មានរបស់ធនាគារវីង។
ធនាគារវីង បញ្ជាក់ថា ក្នុងអំឡុងពេលរង់ចាំការហោះហើរ អតិថិជនទាំងអស់អាចប្រើប្រាស់ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត ដើម្បីចូលប្រើប្រាស់កន្លែងរង់ចាំក្នុងអាកាសយានដ្ឋាននៅជុំវិញពិភពលោកឥតដែនកំណត់ អាចធ្វើការស្នើសុំកាតសម្រាប់សមាជិកគ្រួសារបានរហូតដល់ទៅ ៥កាត និងអាចប្រើប្រាស់កន្លែងរង់ចាំ Premier Banking Lounges ដោយសេរីនៅគ្រប់សាខាធនាគារ វីង ទូទាំងប្រទេសផងដែរ។
ធនាគារ វីង បានឲ្យដឹងបន្តថា វីសាអ៊ីនហ្វីនីតក្រេឌីតកាត ធនាគារ វីង ត្រូវបានរចនាឡើងដោយគិតគូពីប្រណីតភាព និងសុវត្ថិភាព ដែលបង្ហាញពីការរចនាគ្មានលេខប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបំពាក់មកជាមួយបច្ចេកវិទ្យាមុខងារសុវត្ថិភាព EMV 3-D ដ៏ទំនើប ដែលធានានូវសុវត្ថិភាពខ្ពស់រាល់ការធ្វើប្រតិបត្តិការរបស់អតិថិជន។
អត្ថបទ៖ ផល កុសល រូបភាព៖ ធនាគារ វីង