លោក ស៊ុន ចាន់ថុល៖ រយៈពេល១១ខែទទួលបានគម្រោង២៣៧ក្រោមទុនវិនិយោគជាង៦ពាន់លានដុល្លារ

លោក ស៊ុន ចាន់ថុល៖ រយៈពេល១១ខែទទួលបានគម្រោង២៣៧ក្រោមទុនវិនិយោគជាង៦ពាន់លានដុល្លារ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ក្នុងរយៈពេល១១ខែ នៃអាណត្តិទី៧ បានអនុម័តគម្រោងវិនិយោគចំនួន ២៣៧គម្រោង ក្រោមទុនវិនិយោគជាង ៦ពាន់លានដុល្លារ កើនឡើង២២០% ដែលបង្ហាញពីលទ្ធផលនៃខិតខំប្រឹងប្រែង របស់ថ្នាក់នាំក្នុងការដើរទាក់ម៉ូយ នៅតាមបណ្តាប្រទេសនានា។

ក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៤ ខែសីហានេះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បើធៀបនឹងរយៈពេល១១ខែដូចគ្នា ក្នុងអាណត្តិមុន គម្រោងវិនិយោគក្នុងអាណត្តិថ្មីនេះ បានកើនឡើងចំនួន ៥០ គម្រោង ដោយមានតែ១៨៧គម្រោង ខណៈទុនវិនិយោគបានកើនឡើងពី ២ពាន់លានដុល្លារដល់ ៦ពាន់លានដុល្លារ ពោលកើនឡើង២២០%។

លោកបន្តថា លទ្ធផលនេះបានបង្ហាញថា អ្នកវិនិយោគនៅតែមានការទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគនៅកូរ៉េ នៅជប៉ុន បារាំង ស្វីស អូស្រ្តាលី អេស្ប៉ាញ អាល្លឺម៉ង់ ចិនជាដើម។

លោកបានគូសបញ្ជាក់បន្ថែមថា នៅខែក្រោយនេះ លោកនឹងបន្តទៅ ចិន សហរដ្ឋអាមេរិក អឺរ៉ុប និងមជ្ឈឹមបូព៌ា បន្ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ពីបណ្តាប្រទេសទាំងនោះ ឱ្យមកបណ្តាក់ទុននៅកម្ពុជា ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា អ្វីដែលជំរុញឱ្យអ្នកវិនិយោគទាំងនោះ មកបណ្តាក់ទុននៅកម្ពុជា ដោយសារគេមើលឃើញនូវកត្តាមួយចំនួន រួមមាន កត្តាសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ព្រោះគ្មានប្រទេសណាចង់មកបណ្តាក់ទុននៅប្រទេស ដែលអសន្តិភាពនោះទេ។ កត្តា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល២០ឆ្នាំ រួមនឹងកត្តាផ្សេងៗទៀតដូចជា ស្ថិរភាពអត្រាអតិផរណា, ស្ថេរភាពអត្រាប្តូរប្រាក់ និងកម្រិតបំណុលបរទេស ធៀបនឹង GDP នៅតិចជាង៤០%៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ CPP