គម្រោងដ៏ធំមហិមាអស់ទឹកប្រាក់រាប់ពាន់លានដុល្លារទាំង ៣ នឹងលេចវត្តមាននៅកម្ពុជាឆាប់ៗ

គម្រោងដ៏ធំមហិមាអស់ទឹកប្រាក់រាប់ពាន់លានដុល្លារទាំង ៣ នឹងលេចវត្តមាននៅកម្ពុជាឆាប់ៗ

យ៉ាងហោចណាស់មានគម្រោងធំៗមហាសាលចំនួន ៣ ស្ថិតក្នុងចំណោមគម្រោងធំៗជាច្រើនទៀតនឹងបង្ហាញវត្តមានក្នុងទឹកដៃនៃប្រទេសកម្ពុជាដ៏ឆាប់ខាងមុខ ខណៈគម្រោងទាំងនោះសុទ្ធតែបានបើកការដ្ឋានសាងសង់រួចរាល់ហើយ ដោយមួយចំនួនទៀតជិតបញ្ចប់ការសាងសង់។

គេហទំព័រ Million Times នៅថ្ងៃនេះ សូមបង្ហាញនូវគម្រោងចំនួន ៣របស់រាជរដ្ឋាភិបាលកម្ពុជាដែលបាននឹងកំពុងសាងសង់សម្រាប់ជម្រុញសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងបន្ថែមទៀតក្នុងវិស័យសាធារណការ និងអាកាសចរណ៍។

ខាងក្រោមនេះជាគម្រោងធំៗទាំង ៣របស់កម្ពុជាកំពុងដំណើរការសាងសង់រួមមាន៖

១/ អាកាសយានដ្ឋានអន្តរជាតិតេជោ

តាមដានជាមួយយើង៖ Million Times

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នកំពុងតែសាងសង់យ៉ាងមមាញឹកបំផុត ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្រាប់ដំណាក់កាលទី១នេះ គម្រោងនេះគ្រោងនឹងចំណាយថវិកា ១៥០០លានដុល្លារអាមេរិក នឹងដាក់ឱ្យដំណើរការហោះ​ហើរ​​នៅ​ដើម​ឆ្នាំ ២០២៥ ខាងមុខ។​

អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ​នៅលើ​ទំហំដី ២ ៦០០​ហិកតា ​ដោយប្រើទឹកប្រាក់វិនិយោគចំនួន ១ ៥០០ លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC ដែលមាន​​ភូមិសាស្ត្រ​នៅ​ក្នុង​ខេត្តកណ្តាល​ជាប់​ខេត្តតាកែវ និង​មានចម្ងាយ​ប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។

២/ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានចម្ងាយ ១៣៨គីឡូម៉ែត្រ គ្រោងនឹងចំណាយថវិកាសាងសង់ប្រហែលជិត ២ពាន់លានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៧។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ដែលឆ្លងកាត់ខេត្ត​កណ្តាល ព្រៃវែង ឆ្ពោះទៅកាន់ទីក្រុងបាវិត ជាគម្រោងប្រតិបត្តិការ-ផ្ទេរ (BOT) សាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC)។ គម្រោងនេះផ្លូវល្បឿនលឿន នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។

៣/ ព្រែកជីកហ្វូណនតេជោ

គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកប្រវត្តិសាស្ត្រទី១ និងជាការទន្ទឹងរង់ចាំជាយូររបស់ប្រជាជនកម្ពុជា ដោយបានប្រកាសបើកការដ្ឋានសាសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមការចូលរួមចុចប៊ូតុងពីនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត។

ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ទន្លេមេគង្គ (ដៃទន្លេ) ទៅនឹងផ្លូវដឹកជញ្ជូនសមុទ្រ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ គម្រោងនេះ គ្រោងចំណាយថវិកាចំនួន ១.៧០០ លានដុល្លាអាមេរិក ក្រោមទម្រង់វិនិយោគ BOT (កិច្ចសន្យាសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ) ដែលភាគហ៊ុនវិស័យឯកជនក្នុងស្រុក មានចំនួនរហូតដល់ទៅ ៥១% នៃថវិកាគម្រោង។

នៅពេលគម្រោងនេះអនុវត្តរួចរាល់ យើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌល ភស្តុភារកម្ម អភិវឌ្ឍផែរណបថ្មីៗ ពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងកសិដ្ឋាន ដែលនឹងជួយគាំទ្រ ដល់ប៉ូលសេដ្ឋកិច្ចទី១ និងប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ព្រមទាំងបង្កើតការងារបន្ថែម, ជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម ភាពរីកចម្រើនផ្នែកអចលនវត្ថុ និងការវិនិយោគផ្សេងៗ ដែលនេះ គឺជាផលប្រយោជន៍ខ្មែរសុទ្ធសាធ និង ទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រជាជនកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម