មិនយូរទេចុងឆ្នាំនេះ! បាត់ដំបងគ្រោងបញ្ចប់សាងសង់ប្រព័ន្ធលូររំដោះទឹកកខ្វក់ត្រើយខាងកើត

មិនយូរទេចុងឆ្នាំនេះ! បាត់ដំបងគ្រោងបញ្ចប់សាងសង់ប្រព័ន្ធលូររំដោះទឹកកខ្វក់ត្រើយខាងកើត

គម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចេញក្រៅក្រុងប៉ែកខាងកើតក្នុងខេត្តបាត់ដំបង(សង្កាត់រតនៈ សង្កាត់ព្រែកព្រះស្តេច) នឹងគ្រោងបញ្ចប់សាងសង់ចុងឆ្នាំ២០២៤នេះហើយ។ ដោយឡែកសម្រាប់ប៉ែកខាងលិច(សង្កាត់ស្វាយប៉ោ សង្កាត់ទួលតាឯក សង្កាត់ចំការសំរោង)  គ្រោងបញ្ចប់ចុងឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times



បើតាមអភិបាលខេត្តបាត់ដំបង លោក សុខ លូ ឲ្យដឹងថា ដោយសារមេឃភ្លៀងបានបង្កការលំបាកក្នុងការជួសជុលនិងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ចេញពីក្រុង។ ដូច្នេះហើយលោកសូមឲ្យប្រជាជនក្នុងក្រុងបាត់ដំបងទាំងអស់យោគយល់និងបន្តអត់ធ្មត់បន្តិចចំពោះការលំបាកធ្វើដំណើរនៅតាមផ្លូវមួយចំនួនដែលកំពុងជួសជុល។

ផ្លូវមួយចំនួននៅក្នុងក្រុងបាត់ដំបងទទួលរងនូវការជន់លិចដោយជ្រាបទឹកស្ទឹងសង្កែនៅតាមលូបន្ទាប់ពីមេឃភ្លៀងនិងដោយសារកម្រិតទឹកស្ទឹងសង្កែមានកម្រិតទាបជាងមុន។ នេះបើតាមការបញ្ជាក់ពីរដ្ឋបាលខេត្តបាត់ដំបង។

គម្រោងនេះត្រូវបានគាំទ្រដោយថវិការហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មានសមត្ថភាពអាចចរោះទឹកកខ្វក់ប្រមាណ ១២ ០០០លីត្រក្នុងមួយថ្ងៃ។ វានឹងជួយអភិវឌ្ឍទីក្រុងស្អាតប្រកបដោយបរិស្ថានល្អនិងដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន ការវិនិយោគនានាដែលមាននៅក្រុងបាត់ដំបង។ លើសពីនេះ គម្រោងប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មនេះមានសារៈសំខាន់សម្រាប់ការរស់នៅប្រជាពលរដ្ឋ ដោយអាជ្ញាធរនឹងញែកទឹកភ្លៀងនិងទឹកស្អុយហើយចំរោះឲ្យបានស្អាតមុនបង្ហូរចូលទៅស្ទឹង។



បច្ចុប្បន្ននៅកម្ពុជា មានប្រព័ន្ធច្រោះទឹកកខ្វក់ចំនួនបីដែលស្ថិតក្នុងខេត្តសៀមរាប ក្រុងព្រះសីហនុ និងបាត់ដំបង៕



អត្ថបទ៖ នារតី