នាយករដ្ឋមន្រ្តីអំពាវនាវអ្នកធ្វើធុរកិច្ច និងក្រុមឧកញ៉ាជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន

នាយករដ្ឋមន្រ្តីអំពាវនាវអ្នកធ្វើធុរកិច្ច និងក្រុមឧកញ៉ាជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន

ថ្លែងក្នុងពិធី​សំណេះ​សំណាលជាមួយក្រុមឧកញ៉ា និងអ្នកអភិវឌ្ឍលំនៅឋាន កាលល្ងាចថ្ងៃទី២ ខែសីហា ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តប្រជាពលរដ្ឋ អ្នកធ្វើធុរកិច្ច និងឧកញ៉ាៗ ដែលជាម្ចាស់ក្រុមហ៊ុន ជួយជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន។

ការប្រកាសបែបនេះ ស្របពេលនឹងការប្រកាសដាក់យន្តការសម្រួលការចាយប្រាក់ដុល្លារចាស់ ទក់ ប្រឡាក់ ឬរហែកតិចតួចនៅទូទាំងប្រទេស។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការចាយវាយ ឬប្រើប្រាស់ប្រាក់រៀលរបស់ជាតិ គឺមិនបារម្ភលើការខាតបង់ដោយគេកាត់ទឹកនោះឡើយ ហើយថែមទាំងជួយលើកកម្ពស់អត្តសញ្ញាណជាតិ។

តាមដានជាមួយយើង៖ Million Times

សម្តេចថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់លុយរៀល ឱ្យបានច្រើ​ន ព្រោះយើងចាយលុយរៀលអត់មានបញ្ហាទេ មួយទៀតក៏ជាអត្តសញ្ញាណរបស់យើងដែរ។ អីចឹងខ្ញុំលើកទឹកចិត្ត ហើយថ្ងៃនេះនៅទីនោះសុទ្ធតែឧកញ៉ា អ្នកដែលមានធុរកិច្ច សូមជួនលើកទឹកចិត្តប្រាក់រៀលឱ្យបានច្រើន»។

ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីយន្តការនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល (QR Code) ក៏កំពុងរួមចំណែកបានយ៉ាងច្រើន ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលជាតិ ហើយការទូទាត់តាមប្រព័ន្ធ QR Code ក៏នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរផងដែរ។

បើតាមលោកស្រី ​ជា សិរី ទេសាភិបាល​ធនាគារជាតិនៃ​កម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង​ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ​ ២០២៣ ប្រតិបត្តិ​ការទូទាត់​ជា​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ៤៤ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២​។​

​ក្នុង​សិក្ខាសាលា​ខួប​លើក​ទី​៤៤ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​ដើម្បី​ប្រាក់រៀល និង​ប្រព័ន្ធ​បាគង ពេលកន្លងទៅ លោកស្រី ជា សិរី បានថ្លែងថា៖ «ការប្រើប្រាស់​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ ​២០២៣ ប្រតិបត្តិ​ការទូទាត់​ជា​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​ ៤៤​ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២ និង​ខ្ពស់ជាង​កំណើន​នៃប្រតិបត្តិ​ការទូទាត់ អេ​​ឡិច​ត្រូ​និក​ជា​ប្រាក់​ដុល្លារ​អា​មេ​​រិ​ក​ដែល​កើន​ក្នុង​អត្រា ​៣,១​ ភាគរយ​»​។ 

លើសពីនេះ បានបញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ជំរុញ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេសជិតខាង និង​ក្នុង​តំបន់​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​គណនី​ជា​ប្រាក់រៀល​អាច​ទូទាត់​បាន​តាម​ប្រព័ន្ធ​ឃ្យូ​អរ​កូដ ​(QR code)​ បាន​ងាយស្រួល​នៅក្នុង​ប្រទេស​ទាំងនោះ​។​

លោកស្រី​បាន​សង្កត់ធ្ងន់ថា ការតភ្ជាប់​នេះ​ក៏បាន​អនុញ្ញាតឱ្យ​ទេសចរ​បរទេស​អាច​ទូទាត់​តាមរយៈ ​QR code នៅតាម​ហាង​ទំនិញ​នានា​នៅ​កម្ពុជា ដែល​ហាង​ទាំងនោះ​នឹង​ទទួលបាន​ការទូទាត់​នេះ​ជា​ប្រាក់រៀល​។ បច្ចុប្បន្ន កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមទាំង​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​អន្តរជាតិ​មួយចំនួន​ជាមួយនឹង​ផែន​ការតភ្ជាប់​ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ ដូចជា ចិន និង​ឥណ្ឌា ជាដើម​៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី និងធនាគារជាតិនៃកម្ពុជា