ដំណឹងល្អ! ធនាគារជាតិ ឲ្យទទួលយកក្រដាសប្រាក់ដុល្លារចាស់ ឬប្រឡាក់នៅទូទាំងប្រទេស ដោយមិនកាត់ទឹកឡើយ

ដំណឹងល្អ! ធនាគារជាតិ ឲ្យទទួលយកក្រដាសប្រាក់ដុល្លារចាស់ ឬប្រឡាក់នៅទូទាំងប្រទេស ដោយមិនកាត់ទឹកឡើយ

នៅទីបំផុតទៅ! ធនាគារជាតិនៃកម្ពុជា បានណែនាំឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងអាជីវករប្តូរប្រាក់ទូទាំងប្រទេស ត្រូវទទួលយកក្រដាសប្រាក់ដុល្លារចាស់ ឬប្រឡាក់ ដោយមិនទាមទាររកកម្រៃសេវាពីអតិថិជនរបស់ខ្លួនឡើយ។ ការណែនាំយ៉ាងដូច្នេះ គឺបន្ទាប់ពីមានអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤នេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា យោងតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ដែលទូទាត់ជាប្រាក់ដុល្លារអាមេរិក ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទូទាំងប្រទេស កម្ពុជា ត្រូវមានវិធានការបន្ទាន់ដូចជា៖

១. តម្រូវឲ្យទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទាររកកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសប្រាក់នោះជាក្រដាសប្រាក់ក្លែងក្លាយ ឬបាត់បង់អត្តសញ្ញាណ ដែលមិនអាចទទួលស្គាល់បាន។ ២. តម្រូវឲ្យដកហូតនូវរាល់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយទាំងអស់ ដោយពុំមានសំណង និងបញ្ជូនមកធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ថា ស្ថាប័នរបស់ខ្លួន មិនមែនជាអាជ្ញាធរបោះពុម្ព និងដាក់ឲ្យចរាចរនូវក្រដាស ប្រាក់ដុល្លារអាមេរិកនោះឡើយ ហើយក៏មិនមានសិទ្ធិក្នុងការកាត់ ដុតក្រដាសចាស់ ទក់ រហែក ដើម្បីជំនួសដោយក្រដាសប្រាក់ថ្មី ដូចក្រដាសប្រាក់រៀលនោះទេ។

បើតាមធនាគារជាតិនៃកម្ពុជា ស្ថាប័នរបស់ខ្លួន ត្រូវធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន និងបង់សេវាធានារ៉ាប់រង ដើម្បីដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកទាំងនោះ តាមរយៈធនាគារដៃគូដែលមានសិទ្ធិផ្ទាល់ ឬដោយប្រយោលជាមួយ​ធនាគារកណ្តាលអារម្មវិធី និងជាគ្រឹះស្ថានដែលជាអ្នកកំណត់លក្ខណៈវិនិច្ឆ័យលើក្រដាសប្រាក់ ដែលទទួលបាន។

ចំពោះការដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកថ្មីចូលមកកម្ពុជាវិញ ក៏ត្រូវមានការបង់សេវាដឹកជញ្ជូន ធានារ៉ាប់រង និងកម្រៃជើងសារផ្សេងៗ ដែលជាបន្ទុករបស់ធនាគារជាតិនៃកម្ពុជា ទោះបីមិនមែនជាកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ក៏ដោយ ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឲ្យសាធារណជនទាំងអស់ ចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរ ដែលជារូបិយវត្ថុជាតិឲ្យបានកាន់តែច្រើនឡើង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយភាពធន់៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម