កម្ពុជា-ហុងកុង ផ្លាស់ប្តូរ MOU ចំនួន ១១ ផ្ដោតលើវិស័យសំខាន់ៗចំនួន ៧

កម្ពុជា-ហុងកុង ផ្លាស់ប្តូរ MOU ចំនួន ១១ ផ្ដោតលើវិស័យសំខាន់ៗចំនួន ៧

រដ្ឋាភិបាលកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង បានផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា (MOU) ចំនួន ១១ ដោយមានវិសាលភាពលើវិស័យសំខាន់ៗចំនួន ៧។

ការផ្លាស់ប្ដូរ MOU នេះ ធ្វើឡើងក្នុងពិធីពិសាអាហារធុរកិច្ច ក្រោមមូលបទ “ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ៖ ភាពជាដៃគូរវាង ហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា” នាថ្ងៃត្រង់ទី ៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ។

តាមដានជាមួយយើង៖ Million Times

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានអញ្ជើញជាសក្ខីភាព នៃពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នាទាំង ១១ខាងលើនេះ រវាងក្រសួង-ស្ថាប័ន និងវិស័យឯកជន។

ឯកសារទាំង ១១នេះ មានវិសាលភាពគ្របដណ្តប់លើការងារសហប្រតិបត្តិការ វិនិយោគ, ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ហិរញ្ញវត្ថុ, ការតភ្ជាប់, និងអាកាសចរណ៍ស៊ីវិល។ លោក ស៊ុន ចាន់ថុល បានក្នុងពិធីនេះ បានលើកឡើងអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជា ដូចជា៖ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត។

លើសពីនេះទៀត រាជរដ្ឋាភិបាល ដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ, និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឲ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។

លោកឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា វិនិយោគិនដែលបានអញ្ជើញចូលរួមនាពេលនេះ នឹងអញ្ជើញមកសិក្សាសមិទ្ធិលទ្ធភាពលើវិស័យ និងសកម្មភាពវិនិយោគ ដែលមានសក្តានុពល ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។

នៅក្នុងជំនួបសម្ដែងការគួរសម កាលពីថ្ងៃទី ៣១ ខែកក្កដានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានចូលរួមជាសាក្សី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU)ចំនួន២៖

ទី១. អនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពី កិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុង នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ទី២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា