កម្ពុជាចុះ MoU ជាមួយក្រុមអ្នកមាននៅហុងកុងដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម

កម្ពុជាចុះ MoU ជាមួយក្រុមអ្នកមាននៅហុងកុងដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម

អនុស្សរណៈនៃការយោគយល់គ្នា MoU ចំនួន២ ត្រូវបានចុះហត្ថលេខារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រុមអ្នកវិនិយោគហុងកុង នាព្រឹកថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៤ ដែលចូលរួមធ្វើជាសាក្សីពីនាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានតំបន់រដ្ឋបាលពិសេសហុងកុង។

អនុស្សរណៈនៃការយោគយល់ចំនួន២ ដែលចុះហត្ថលេខារួមគ្នារវាងកម្ពុជា និងក្រុមអ្នកមាននៅហុងកុង រួមមាន៖ ១. កិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមដានជាមួយយើង៖ Million Times

អនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងក្នុងឪកាសដំណើរទស្សនកិច្ចរបស់លោក John Lee ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា ជាពិសេសការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

យោងតាម​របាយការណ៍គយ ​និង​រដ្ឋករ ​ចិន​គឺជាដៃគូ​ពាណិជ្ជកម្មដ៏​សំខាន់របស់កម្ពុជា​នៅឆ្នាំ​២០២៣ ដោយ​ទំហំពាណិជ្ជកម្ម​កម្ពុជា-ចិន ​មានជាង ​១២ពាន់​លានដុល្លារ ​ពោលកើនឡើង​៥% ​ធៀបនឹងឆ្នាំ​២០២២​។ អាមេរិក​ ជាដៃគូ​សំខាន់ទី​២ ដែលមាន​ទំហំពាណិជ្ជកម្ម​ជាង ៩​ពាន់លានដុល្លារ​ ពោល​ធ្លាក់ចុះ ​១,៤​% ធៀបនឹង​ឆ្នាំ​២០២២​។

ក្រៅពីនេះ ​មានវៀតណាម ​ថៃ ​ជប៉ុន ​ឥណ្ឌូនេស៊ី​ អាល្លឺម៉ង់ ​កាណាដា និង​ប្រទេសមួយចំនួន​ទៀត​សរុប២០​ប្រទេស ដែលជា​ដៃគូពាណិជ្ជកម្ម​ដ៏សំខាន់របស់​កម្ពុជា ក្នុងនោះ​ មានការធ្លាក់ចុះ​ខ្លាំងជាមួយ​ប្រទេសជិតខាង​ថៃដល់ទៅ​១៧% ​តែកើន​ជាមួយ​វៀតណាម​ជាង​៧% ធៀបនឹង​ឆ្នាំ ​២០២២​៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី