ខេត្តព្រះសីហនុដែលជាខេត្តសក្តានុពលមួយរបស់កម្ពុជានាទិសនារតី មានរោងចក្រចំនួន ២៧០រោងចក្រ ដែលមានទុនវិនិយោគប្រមាណ ២.៦០០លានដុល្លារ គិតត្រឹឹមខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី «វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ»។
លោក ម៉ាង ស៊ីណេត បានលើកឡើងថា ក្នុងចំណោមរោងចក្រចំនួន ២៧០នោះ មាននៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ ដែលមានចំនួន ២១៥រោងចក្រ និងមានកម្មករជាង ៣៨.០០០នាក់ ហើយនៅក្រៅតំបន់មានចំនួន ៥៥រោងចក្រជាមួយកម្លាំងពលកម្មប្រមាណជាង ៥០.០០០នាក់។
ជាមួយគ្នានោះនៅក្នុងខេត្តព្រះសីហនុ ក៏មានវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ប្រមាណ ១២.០០០សហគ្រាស ដែលមានទុនវិនិយោគប្រហែលជាង ៣០លានដុល្លារអាមេរិកផងដែរ។
ដោយឡែក តំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣ ក្នុងនោះមានតែ ៥ប៉ុណ្ណោះកំពុងដំណើរការ ក្រៅពីនេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។ បើតាមលោកអភិបាលខេត្តព្រះសីហនុ ក្នុងចំណោមទាំង ៥នោះរួមមាម៖ ទី១ តំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ចំនួន ១៨០រោងចក្រ និងកម្មករជាង ២.៥០០នាក់។ ទី២ តំបន់សេដ្ឋកិច្ចពិសេសស្វ័យតក្រុងព្រះសីហនុ មានចំនួន ២រោងចក្រ ។ ទី ៣ តំបន់សេដ្ឋកិច្ចពិសេស ជាជាំង នៅស្រុកព្រៃនប់មាន ២៦រោងចក្រ និងមានកម្មករជិត ៩.០០០នាក់។ ទី៤ តំបន់សេដ្ឋកិច្ចពិសេស ហ្គែនបូកគោ មានរោងចក្រចំនួន ៣ ជាមួយកម្មករជិត ២.០០០នាក់ និងទី ៥ តំបន់សេដ្ឋកិច្ច ខេមបូឌា ស៊ីណូមេឡូលីត។
ទន្ទឹមនឹងនោះ លោក ម៉ាង ស៊ីណេត ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់គ្រប់ជាតិសាសន៍ដែលមានទុនក្រោម ១លានដុល្លារមកវិនិយោគនៅខេត្តព្រះសីហនុ ហើយវិនិយោគទៅលើអ្វីដែលស្របនឹងតម្រូវការនាពេលបច្ចុប្បន្ន។ លោកថ្លែងថា «អ្នកធំ គេស្ទូចយកអ្នកធំតាមស្តង់ដារខ្ពស់ ប្រសិនបើយើងមានទុនល្មមកម្រិតណាមួយយើងក៏អាចទាក់ម៉ូយយកអ្នកដែលអាចសមស្របនឹងយើងបានដែរ ព្រោះប្រជាជនយើងនៅទូទាំងប្រទេសមានកម្រិតជីវភាពផ្សេងៗគ្នា »។
លោកថ្លែងបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោកពិតជាស្វាគមន៍អ្នកវិនិយោគទាំងអស់ ទោះចាប់អារម្មណ៍វិិនិយោគក្រោម ៥លានដុល្លារ ក្រោម ១លានដុល្លារក៏លោកទទួលស្វាគមន៍ដែរមកវិនិយោគនៅខេត្តព្រះសីហនុ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងមហាផ្ទៃ