ធនាគារពិភពលោក តែងតាំងលោកស្រី Tania Meyer ជនជាតិបារាំង ជានាយកគ្រប់គ្រងថ្មីសម្រាប់ប្រទេសកម្ពុជា

ធនាគារពិភពលោក តែងតាំងលោកស្រី Tania Meyer ជនជាតិបារាំង ជានាយកគ្រប់គ្រងថ្មីសម្រាប់ប្រទេសកម្ពុជា

លោកស្រី Tania Meyer ត្រូវបានធនាគារពិភពលោក (World Bank) តែងតាំងជានាយកគ្រប់គ្រងថ្មីសម្រាប់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក កាលពីថ្ងៃទី ២៩ ខែកក្កដា។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា លោកស្រី Meyer ជាជនជាតិបារាំង នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាល, វិស័យឯក ជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល។

លោកស្រីជាប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅទីក្រុងភ្នំពេញ និងមើលការខុសត្រូវលើ​គម្រោងនិងកម្មវិធីអភិវឌ្ឍន៍ទាំងអស់ ដែលមានតម្លៃទឹកប្រាក់ចំនួន ១,៧ ប៊ីលានដុល្លារអាមេរិក។ នៅក្នុងមុខតំណែងនេះ លោកស្រី Meyer និងដឹកនាំរៀបចំធ្វើឲ្យចប់សព្វគ្រប់នូវឯកសារ “ក្របខណ្ឌភាពជាដៃគូថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា” សម្រាប់អនុវត្តន៍ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ២០២៩។

បើតាមធនាគារពិភពលោក កម្មវិធីនេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានខែខាងមុខនេះ ដោយផ្តោតខ្លាំងលើការពង្រឹងធនធានមនុស្ស តាមរយៈលទ្ធភាពទទួលបានការអប់រំ កុមារតូចប្រកបដោយគុណភាព និងសេវាកម្មសុខភាព, លើការបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើតការងារ កាន់តែប្រសើរ និងភាពធន់ឲ្យបានកាន់តែច្រើន ពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ។

លោកស្រី Tania Meyer នាយកគ្រប់គ្រងថ្មីសម្រាប់កម្ពុជា មានប្រសាសន៍ថា «ខ្ញុំមានកិត្តិយសណាស់ដែលបានមក បំពេញតួនាទីថ្មីនៅក្នុងដំណាក់កាលដ៏សំខាន់ នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីជួយកម្ពុជាឲ្យឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន និងក្នុងការលើកកម្ពស់មូលធនមនុស្ស បង្កើតការងារ និងក្នុងសកម្មភាពទាក់ទងអាកាសធាតុ ជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ជាពិសេសកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះ នៅកម្ពុជា»។

គួរឲ្យដឹងថា លោកស្រី Meyer មានបទពិសោធន៍ការងារជាង ១៥ឆ្នាំ នៅក្នុងស្ថាប័នធនាគារពិភពលោក។ ថ្មីៗនេះលោកស្រី ធ្លាប់បានកាន់តំណែងប្រធានគ្រប់គ្រងសម្រាប់ប្រទេសយេមេន និងជាតំណាងប្រចាំប្រទេស​ហ្សកដានី។ លោកស្រី ក៏ធ្លាប់បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុកនានានៅអាស៊ី និងអាហ្វ្រិក រួមមាននៅវៀតណាម និងចិន ផងដែរ។

លោកស្រី បន្តតំណែងនេះពីលោកស្រី Maryam Salim ដែលបានផ្លាស់ទៅធ្វើជានាយិកាប្រចាំប្រទេសអេត្យពី, ស៊ូដង់, ស៊ូដ ង់ខាងត្បូង និងអេរីត្រេ ក្រោយពីបានដឹកនាំការងារការិយាល័យធនាគារពិភពលោក នៅទីក្រុងភ្នំពេញអស់រយៈពេល ៣ឆ្នាំកន្លងមក៕

អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារពិភពលោក