លោក John Lee Ka-chiu នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បាននិយាយកាលពីថ្ងៃអាទិត្យថា ហុងកុងសង្ឃឹមនឹងពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ឡាវ និងវៀតណាមនៅកម្រិតរដ្ឋាភិបាល ហើយចាត់ទុកប្រទេសអាស៊ានទាំង ៣ ជាទីផ្សារវិនិយោគដ៏ធំសម្រាប់ហុងកុង ។
លោក Lee បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងទីក្រុងហុងកុង មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃមកកាន់ប្រទេសជាសមាជិកអាស៊ានទាំង ៣ ជាមួយនឹងគណៈប្រតិភូមកពីវិស័យផ្សេងៗ រួមទាំងឧស្សាហកម្ម និងពាណិជ្ជកម្ម, សេវាកម្មហិរញ្ញវត្ថុ, ការដឹកជញ្ជូន, ភស្តុភារ, នវានុវត្តន៍, បច្ចេកវិទ្យា និងទេសចរណ៍ ។
ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ចនេះទៀត គណៈប្រតិភូហុងកុងក៏នឹងអញ្ជើញជួបជាមួយមេដឹកនាំនៃប្រទេសទាំងបី ហើយនឹងធ្វើការណែនាំពីការអភិវឌ្ឍន៍ និងឱកាសសេដ្ឋកិច្ចរបស់ហុងកុង ក៏ដូចជាបន្តស្វែងរកការគាំទ្រពីសំណាក់ប្រទេសទាំង ៣ ដើម្បីជួយហុងកុងចូលជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងចំណោមប្រជាជាតិអាស៊ីប៉ាស៊ីហ្វិក ។
បន្ថែមពីនេះ គណៈប្រតិភូក៏នឹងណែនាំពីតួនាទីរបស់ហុងកុងជា “អ្នកតភ្ជាប់ដ៏អស្ចារ្យ” និងជាអ្នកលើកកម្ពស់នៃការផ្លាស់ប្តូរប្រជាជនទៅប្រជាជនផងដែរ ខណៈក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនេះ លោក Lee នឹងអញ្ជើញត្រឡប់ហោះទៅហុងកុងវិញនាល្ងាចថ្ងៃទី២ ខែសីហា ។
សូមជម្រាបថា អាស៊ានជាដៃគូពាណិជ្ជកម្មធំទី ២ របស់ទីក្រុងហុងកុង និងជាតំបន់មានសេដ្ឋកិច្ចធំទី ៥ របស់ពិភពលោក ខណៈកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងហុងកុង និងអាស៊ានមានចំនួន ១៤៤.៦ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ១៣ ភាគរយនៃពាណិជ្ជកម្មក្រៅប្រទេសសរុបរបស់ហុងកុង ៕
បកប្រែ ៖ ទីន