ម្ចាស់ផលិតសាប៊ូស្ពៃក្រញាញ់៖ រាល់ផលិតផលគឺធ្វើចេញពីបេះដូង ផលិតដើម្បីជាតិសាសន៍យើង

អ្នកស្រី នុត សម្ផស្ស ជាស្ថាបនិករោងចក្រអិលអេសវី ដែលគេភាគច្រើនស្គាល់ថារោងចក្រផលិតសាប៊ូអូកា។ ប៉ុន្តែថ្មីៗនេះ អ្នកស្រីបានច្នៃស្ពៃក្រញាញ់មកជាសាប៊ូកក់សក់ សាប៊ូដុសខ្លួន និងសាប៊ូដុំលាងមុខ ដើម្បីរួមចំណែកជួយកសិករខ្មែរប៉ុន្តែបែរជាប្រជាជនខ្មែរមួយចំនួនតូចរិះគន់ទៅវិញ។ ក្នុងនាមជាអ្នកផលិតម្នាក់អ្នកស្រីប្រាប់ថា រាល់ផលិតផលទាំងអស់គឺក្រុមការងារធ្វើចេញពីកម្លាំងកាយចិត្តពីបេះដូង ហើយដើម្បីជាតិសាសន៍ខ្មែរយើង ដូច្នេះហើយសង្ឃឹមថាខ្មែរដូចគ្នានឹងគាំទ្រផលិតផលខ្មែរ។

ដោយសារតែមើលឃើញពីផលលំបាករបស់ប្រជាកសិករខ្មែរនៅខេត្តតាកែវដែលកំពុងរងនូវការខូចខាតពីការសល់ចោលនៃស្ពៃក្រញាញ់ ដូច្នេះក្នុងនាមជាខ្មែរដូចគ្នានិងចំនុចមួយទៀតស្ពៃក៏អាចផលិតជាសាប៊ូបាន អ្នកស្រីបានជួយទិញពីកសិករដោយក្នុងមួយថ្ងៃមួយតោន។ គោលបំណងធំគឺគ្រប់យ៉ាងដើម្បីជួយដល់ផលិតផលជាតិយើង និងចង់បញ្ជាក់ថាខ្មែរក៏អាចផលិតនូវផលិតផលមួយចំនួនបានដែរ។

តាមដានជាមួយយើង៖ Million Times


យ៉ាងណាក្តី នៅពេលដំណើរការផលិតខាងរោងចក្រអ្នកស្រីជួបប្រទះនូវបញ្ហាលំបាកខ្លះៗ ដោយសាររកឡសម្ងួតខ្នាតធំមិនបាន ដូច្នេះសាកល្បងសម្ងួតដោយប្រើកម្តៅថ្ងៃ។ ប៉ុន្តែក្នុងរដូវវស្សានេះ អាកាសធាតុមិនអំណោយផលទេជាហេតុនាំឲ្យដំណើរការផលិតមិនទាន់ពេលវេលា។ នៅពេលច្នៃស្ពៃស្រស់ធ្វើឲ្យដំណើរការផលិតប្រើពេលយូរនិងច្រើនដំណាក់ការ ដែលនាំឲ្យស្ពៃមួយចំនួនធំដែលប្រមូលពីប្រជាកសិករត្រូវរក្សាទុកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ដើម្បីរក្សាគុណភាព។ ចំណែកស្ពៃមួយចំនួនក៏ត្រូវខូចថែមទៀតដោយសារតែផលិតមិនទាន់ពេលវេលា។

ម្យ៉ាងទៀតក៏មានការគាំទ្រច្រើនសន្ធឹកសន្ថាប់ពីសំណាក់បងប្អូនដែលគាំទ្រការផលិតសាប៊ូពីស្ពៃក្រញាញ់ ប៉ុន្តែដោយសារការផលិតពីរោងចក្រមិនទាន់ ដូច្នេះទើបអ្នកស្រីសម្រេចចិត្តសុំឲ្យមានការពន្យាពេលទិញសាប៊ូពីបងប្អូនមួយរយៈពេលខ្លីសិនដើម្បីទុកពេលរៀបចំបញ្ជូនផលិតសម្រាប់បងប្អូនដែលបានបញ្ជាទិញរួចហើយ ។ ស្របពេលជាមួយគ្នាខាងរោងចក្រ ក៏កំពុងស្វែងរកដៃគូចែកចាយអោយបានច្រើនកន្លែងតាមដែលអាចធ្វើទៅបានផងដែរ។

អ្នកស្រី នុត សម្ផស្ស ដែលមានបទពិសោធន៍មិនក្រោមជាង១០ឆ្នាំលើការផលិតរូបនេះ បង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា ខ្មែរក៏មានលទ្ធភាពផលិតនូវផលិតផលមួយចំនួនដែរ ហើយរាល់ការផលិតគឺស្ថិតក្រោមការត្រូតពិនិត្យពីក្រសួងស្ថាប័នពាក់ព័ន្ធយ៉ាងច្បាស់លាស់បំផុត។  ដូច្នេះហើយរាល់ផលិតផលទាំងអស់អាចធានាបាននូវគុណភាព សុវត្ថិភាពផងដែរ ។

ក្នុងនាមជាអ្នកផលិតម្នាក់ គឺអ្នកស្រីយល់ពីអារម្មណ៍បេះដូងរបស់អ្នកផលិតដូចគ្នាគឺតែងតែចង់ផលិតនូវផលិតផលមួយដែលល្អសម្រាប់ជាតិសាសន៍ផ្ទាល់។ រាល់ការផលិតគឺចេញពីក្តីស្រលាញ់ ព្រោះបើមិនស្រលាញ់ទេប្រាកដជាមិនអាចធ្វើការងារទាំងអស់នេះបានទេនៅពេលដែលមានឧបសគ្គជាច្រើន។ អ្នកស្រីសម្ផស្សក៏បានអំពាវនាវសុំឲ្យបងប្អូនដែលបានគាំទ្រផលិតផលខ្មែរហើយសូមបន្តគាំទ្រទៀត ព្រោះជាកម្លាំងចិត្តធំមួយសម្រាប់អ្នកផលិតនិងកសិករក្នុងប្រទេស។ រីឯ បងប្អូនដែលមិនទាន់បានសាកល្បងប្រើ គួររួមគ្នាគាំទ្រ។ ប្រសិនបើឃើញចំនុចខ្វះខាតត្រង់ណា បងប្អូនអាចជួយផ្តល់ជាយោបល់បានក្នុងរូបភាពរិះគន់ក្នុងន័យស្ថាបនា៕



អត្ថបទ៖ នារតី រូបភាព៖ ផ្តល់ឲ្យ