ព្រះសីហនុនឹងទាញការវិនិយោគច្រើន បើរៀបចំជាខេត្តស្វាគមន៍ចម្រុះជាតិសាសន៍តាមបែបបម្លែងទីក្រុងអន្តរជាតិ

ខេត្តព្រះសីហនុកាន់តែមានសក្តានុពលបន្ទាប់ពីរដ្ឋាភិបាលរៀបចំខេត្តជាប់មាត់ឆ្នេរនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍជារបៀងសេដ្ឋកិច្ចពហុបំណងនិងប្រទាក់ក្រឡា។

ទន្ទឹមនេះ អ្នកជំនាញមើលឃើញថា ដើម្បីឲ្យខេត្តដ៏ស្រស់ស្អាតមួយនេះកាន់តែទាក់ទាញបាននូវវិនិយោគិនច្រើន គួរតែមានការកែលម្អទីក្រុងបន្តិចម្តងៗក្នុងលក្ខណៈបែបអន្តរជាតិ (ចម្រុះជាតិសាសន៍ ដោយមិនសំដៅតែលើជនជាតិណាមួយ) បម្លែងខ្លួនជាទីក្រុងអន្តរជាតិអមដោយការកសាងរូបភាពវិជ្ជមាន ដែលជួយឲ្យខេត្តព្រះសីហនុក្លាយជាទីក្រុងចម្រុះជាតិសាសន៍ជាងបច្ចុប្បន្ន ។

តាមដានជាមួយយើង៖ Million Times


លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បង្ហាញទស្សនៈថា អាជ្ញាធរឬស្ថាប័នពាក់ព័ន្ធគួររៀបចំដូចជា៖

-រៀបចំសណ្តាប់ធ្នាប់សន្តិសុខ ធានាឲ្យបានសុវត្ថិភាពនិងជំនឿជាក់សម្រាប់វិនិយោគិនបរទេស


– រៀបចំឲ្យមានភាពចម្រុះ ដើម្បីវិនិយោគិនមកពីគ្រប់ប្រទេសដោយមិនសំដៅតែវិនិយោគិនចិន ។ គ្រប់ផ្ទាំងផ្សព្វផ្សាយឬស្លាកយីហោរបស់គ្រប់ប្រភេទអាជីវកម្ម គួរមានអក្សរខ្មែរ អក្សរអង់គ្លេសនិងចិន ដើម្បីជាផ្នែកមួយបង្ហាញនូវភាពទាក់ទាញក្នុងរូបភាពសម្រាប់វិនិយោគិនបរទេសចម្រុះជាតិសាសន៍


-រៀបចំខេត្តព្រះសីហនុជាខេត្តជាប់មាត់សមុទ្របែបអន្តជាតិ (International City) ឬគោលដៅទេសចរណ៍សម្រាប់អន្តរជាតិ​ ព្រោះនៅពេលកំណើនភ្ញៀវទេសចរច្រើនជួយឲ្យខេត្តនេះស្រូបទាញបាននូវវិនិយោគិនបរទេសកាន់តែច្រើន។ ម្យ៉ាងទៀត ការបណ្តាក់ទុនរបស់វិនិយោនគិនមួយចំនួនក៏ផ្តើមចេញពីការមកទស្សនកិច្ច ឬមកទេសចរណ៍កម្សាន្តផងដែរ នៅពេលពួកគេចាប់ចិត្តជាមួយហេដ្ឋារចនាសម័្ពន្ធនិងសក្តានុពលនៅខេត្តនេះ នឹងជួយឲ្យការបណ្តាក់ទុនរកស៊ីដូចជា បើកក្រុមហ៊ុន បើកហាង ឬការវិនិយោគផ្សេងៗកាន់តែច្រើនផងដែរ


-រៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រង គ្មានសំរាមតាមដងផ្លូវជាដើម ។

លើសពីនេះ លោកបានប្រៀបធៀបដោយលើកឧទាហរណ៍ ទីក្រុងភ្នំពេញដែលមើលទៅចម្រុះជាតិសាសន៍មានទាំងភោជនីយដ្ឋានតាមបែបអឺរ៉ុប បែបអាស៊ី គឺមានភាពចម្រុះទាក់ទាញ ដោយមិនផ្តោតតែលើជនជាតិណាតែមួយមុខនោះទេ។ កត្តានេះហើយដែលនាំឲ្យទីក្រុងភ្នំពេញមានវិនិយោគិនបរទេសច្រើនចាប់អារម្មណ៍មកបណ្តាក់ទុន។



បន្ថែមពីនេះ នៅពេលខេត្តព្រះសីហនុបានបម្លែងជាខេត្តជាប់មាត់ឆ្នេរតាមបែបអន្តរជាតិ លោកឡោ វិចិត្រ ជឿថានឹងទាក់ទាញនូវការវិនិយោគលើផ្នែក ផលិតកម្ម កម្មន្តសាលដូចជាការផលិតស្បែកជើង សំលៀកបំពាក់ វ៉ាលី ជាដើមមិនខាន។ មូលហេតុសំខាន់ៗដោយសារកម្ពុជាជាសមាជិកនៃក្រុម RCEP  និង Asean  Economic Community ដែលជួយឲ្យមានការលើកលែងពន្ធ ចរន្តទំនិញដែលនាំចេញទៅក្រៅប្រទេសនឹងរួចពន្ធបានច្រើនមុខទំនិញ ការបង់ពន្ធតិច ព្រោះជាប្រទេសមានការអនុគ្រោះផ្នែកពន្ធ ព្រមទាំងប្រាក់ឈ្នួលពលកម្មមានតម្លៃសមរម្យថែមទៀត៕


អត្ថបទ៖ នារតី