ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧ ៧៦៧ ប៊ីលានរៀល ឬប្រមាណជា ១ ៩១៧.៩៦លានដុល្លារ ដែលស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើតាមលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
សម្រាប់លទ្ធផលប្រមូលចំណូលពន្ធ ក្នុងខែមិថុនា ឆ្នាំ២០២៤ មានចំនួន ១ ០០៥.៧៤ ប៊ីលានរៀល ឬប្រមាណជា ២៤៨.៣៣ លានដុល្លារ ស្មើនឹង ៥.៩៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងពីទស្សនទានថ្មីៗនៃសង្គមសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពនៃសភាពការណ៍ថ្មីនៃសេដ្ឋកិច្ចសកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ស្របពេលដែលត្រូវបន្តប្រឈមនឹងបច្ច័យនានា បន្សល់ទុកពីវិបត្តិនៃជំងឺកូវីដ-១៩ ភាពតានតឹង នៃភូមិសាស្ត្រនយោបាយ និងវិបត្តិនានាដែលអាចជះឥទ្ធិពលជាអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជាជាអាទិ៍ វិបត្តិកើតឡើងជាបន្តបន្ទាប់នៃស្ថានភាពសង្គ្រាម រុស្សី-អ៊ុយក្រែន និងតំបន់ហ្គាហ្សា។ ទន្ទឹមនឹងគ្នានេះ អាចមានវិស័យមួយចំនួនអាចនឹងទ្រឹងនិង បន្តថមថយ ប៉ុន្តែវិស័យខ្លះទៀតអាចរំពឹងថានឹងមានកំណើន។
លោកក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលយ៉ាងណាក៏ដោយ៕
អត្ថបទ៖ នារតី