កម្ពុជារំពឹងអត្រាប្តូរប្រាក់នឹងស្ថិតក្នុងរង្វង់៤០៦០រៀល/ដុល្លារអាមេរិក រយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧

បើតាមសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការឆ្នាំ២០២៥-២០២៧ អត្រាអតិផរណា ក្នុងរយៈពេលមធ្យមខាងមុខ (ឆ្នាំ២០២៥-២០២៧) ត្រូវបានព្យាករណ៍ថានឹងស្ថិតក្នុងរង្វង់ ២,៥% ដោយសារការក្សាបាននូវចលនការសេដ្ឋកិច្ចក្នុងស្រុក និងប្រក្រតីភាពនៃស្ថានភាពនិងថ្លៃទំនិញអន្តរជាតិ។ ទន្ទឹមនឹងនេះ ក្នុងរយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧ អត្រាប្តូរប្រាក់ផ្លូវការត្រូវបានរំពឹងថានឹងរក្សាបានក្នុងរង្វង់ជាមធ្យម ៤០៦០រៀល ក្នុងមួយដុល្លារអាមេរិក។

តើកម្ពុជាអាចសម្រេចនូវផែនការនេះបានឬទេ ?

តាមដានជាមួយយើង៖ Million Times

បើតាមលោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៃកម្ពុជា ប្រាប់ថា ក្នុងរយៈពេលជាង៥ឆ្នាំចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។ ជាក់់ស្តែង យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ អត្រាប្តូរប្រាក់រៀលមានកម្រិតជាមធ្យម ៤០៧៥រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆមាសទី១​ ឆ្នាំ២០២៤ ធៀបនឹងឆមាសទី១ឆ្នាំមុន(៤០៩៤រៀល)។ និយាយរួម ប្រាក់រៀលបន្តមានស្ថេរភាព ខណៈតម្លៃរូបិយប័ណ្ណប្រទេសមួយចំនួនបានប្រែប្រួលគួរឲ្យកត់សម្គាល់ធៀបនឹងដុល្លារអាមេរិក ដូចជាប្រាក់យ៉េនជប៉ុន ដុងវៀតណាម បាតថៃ ប្រាក់អឺរ៉ូ ផោនអង់គ្លេស និងយ័នចិន។

អ្នកនាំពាក្យដដែររូបនេះបន្តថា ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យប្រើប្រាស់នូវឧបករណ៍នយោបាយរូបិយវត្ថុមួយចំនួន ដើម្បីរក្សាតុល្យភាពរវាងតម្រូវការ​ និងការផ្កត់ផ្កង់ប្រាក់រៀលធៀបនឹងដុល្លារអាមេរិក។ ជាការកត់សម្គាល់ឃើញថា ការអនុវត្តនយោបាយរូបិយវត្ថុគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជារួមមានដូចជា៖ គ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុឲ្យស្ថិតក្នុងកម្រិតសមស្រប រក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដោយតាមដាននិងធ្វើអន្តរាគមន៍តាមកាចាំបាច់ ដើម្បីរួមចំណែករក្សាស្ថេរភាពថ្លៃនិងជំនឿទុកចិត្តរបស់សាធារណជន លើកកម្ពស់ការប្រើប្រាស់ និងចំណេះដឹងពីប្រាក់រៀល។

ចំណែកលោក ឆេង គឹមឡុង នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកវិភាគសេដ្ឋកិច្ចមួយរូប យល់ឃើញថា បើសិនធនាគារជាតិនៃកម្ពុជាជាគ្រប់គ្រងទៅលើគោលនយោបាយទាំងអស់ទាក់ទងនឹងអត្រាការប្រាក់រួមទាំងចរារចរណ៍សាច់ប្រាក់កំណត់មានន័យថា គេនឹងអនុវត្តបាន។

អត្រាការប្រាក់នេះបញ្ជាក់ថាលុយរៀលកម្ពុជានឹងឡើងថ្លៃបើធៀបទៅនឹងអត្រាប្តូរប្រាក់នៅបច្ចុប្បន្ននេះ។ វាមានគុណសម្បត្តិនិងគុណវិបត្តិខ្លះដែរ ប៉ុន្តែវាមិនមែនជាគុណវិបត្តិអីធំៗទេ ហើយអត្រាប្តូរប្រាក់កម្ពុជាគឺអណ្តែតនៅក្នុងកម្រិតកំណត់ដែលអាចបញ្ជាក់បានថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយអាចឡើងខ្ពស់ជាងឆ្នាំនេះ ។

លោកបន្តថា សម្រាប់អត្រាអតិផរណា ២,៥% អាចនិយាយបានថាជាអត្រាល្អ ព្រោះគេត្រូវផ្ទៀងផ្ទាត់នឹងកំណើនសេដ្ឋកិច្ចបើសិនជាកំណើនសេដ្ឋកិច្ចកម្ពុជាកើនលើសពីអត្រាអតិផរណាមានន័យថាជាសញ្ញាវិជ្ជមាន នោះសេដ្ឋកិច្ចកម្ពុជាមានភាពវិជ្ជមាន ។

យ៉ាងណាក្តី លោក ឆេង គឹមឡុង ស្នើរឲ្យស្ថាប័នពាក់ព័ន្ធដែលគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចស្ថិតក្រោមក្រសួងសេដ្ឋកិច្ច អត្រាប្តូរប្រាក់ដែលស្ថិតក្រោមធនាគារជាតិកម្ពុជា គឺធ្វើយ៉ាងណាធានាឲ្យម៉ាក្រូសេដ្ឋកិច្ចរឹងមាំ បង្កើនភាពទាក់ទាញ បង្កលក្ខណៈឲ្យមានភាពងាយស្រួលដើម្បីឲ្យមានលំនឹងស្ថានភាពសេដ្ឋកិច្ច ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងទាក់ទាញ៕



អត្ថបទ៖ នារតី