បង្កើតកម្មវិធីទូរស័ព្ទបាគងទេសចរ សម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ

បង្កើតកម្មវិធីទូរស័ព្ទបាគងទេសចរ សម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ

ធនាគារជាតិនៃកម្ពុជា បានចាប់ផ្ដើមពិភាក្សាជាមួយអ្នកជំនួញក្នុងវិស័យទេសចរណ៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អំពីការអភិវឌ្ឍកម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ (Bakong Tourists App)។ ការពិភាក្សានេះ ដឹកនាំដោយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤​ ខែកក្កដា ឆ្នាំ ២០២៤នេះ។

នេះគឺជាយន្ដការថ្មីមួយបន្ថែមទៀត ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញមកកម្សាន្ដនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

សម្រាប់កិច្ចប្រជុំនៅថ្ងៃពុធនេះ គឺដើម្បីប្រមូលធាតុចូល និងស្វែងរកកិច្ចសហការ ដើម្បីអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ សំដៅរួមចំណែកជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលឲ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ឌីជីថល បានកាន់តែងាយស្រួល។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ នឹងក្លាយជាផលិតផលទេសចរថ្មីមួយទៀត ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា បន្ថែមពីផលិតផលទេសចរវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានស្រាប់។

លោកស្រីបន្ថែមទៀតថា កម្មវិធីថ្មីនេះ ក៏នឹងជួយលើកកម្ពស់កិត្យានុភាពជាតិមួយកម្រិតទៀតផងដែរ តាមរយៈការផ្តល់ឲ្យភ្ញៀវអន្តរជាតិ នូវបទពិសោធន៍នៃការទូទាត់តាមឌីជីថលថ្មី ទំនើប និងជឿនលឿន។

អ្នកជំនួញក្នុងវិស័យទេសចរណ៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានសាទរ និងកោតសសើរចំពោះគំនិតផ្តួចផ្តើមដ៏ល្អនេះ ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមសហការដើម្បីពន្លឿនដំណើរការអភិវឌ្ឍន៍កម្មវិធីនេះ សំដៅឈានទៅសម្រេចបានរួចរាល់ និងដាក់ឲ្យដំណើរការនាពេលឆាប់ៗ៕

អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិនៃកម្ពុជា