ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ប្រជាពលរដ្ឋនៅស្រុកអង្គស្នួលពីរដ្ឋបាលខេត្តកណ្តាល គឺសម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព អាចប្រើប្រាស់តាមតម្រូវការ និងមានទំនុកចិត្តបន្ថែមទៀត។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តាល បញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល មានសរុប ២៣២៤ប័ណ្ណ ដែលក្នុងនោះមានភូមិពាម ភូមិព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា។
ក្នុងឱកាសនោះ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោក គួច ចំរើន យល់ថា ការវាស់វែងដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋគឺដើម្បីពលរដ្ឋអាចយកទៅប្រើប្រាស់តាមតម្រូវការដូចជា លក់ ជួល បញ្ចាំ ឬធ្វើអំណោយជាដើម។ លោក គួច ចំរើន ក៏ចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋក្នុងភូមិទាំង៤ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ផងដែរ។
ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឱ្យម្ចាស់ដី/អ្នកកាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួលយកប្លង់ដី ៕
អត្ថបទ៖ នារតី