អ្នកឧកញ៉ា សួរ វីរៈ លើកឡើងនូវចំណុចមួយចំនួន ដើម្បីជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា

អ្នកឧកញ៉ា សួរ វីរៈ លើកឡើងនូវចំណុចមួយចំនួន ដើម្បីជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា

អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បានលើកឡើងនូវចំណុចដែលជាដំណោះស្រាយមួយចំនួន ដើម្បីជាចំណែកមួយជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជា។ ​ការលើកឡើងនេះ ខណៈពេលប៉ុន្មានចុងក្រោយនេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា មានការថយចុះគួរឲ្យកត់សម្គាល់។ 

តាមរយៈគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី ២២ ខែកក្កដានេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បានបង្ហោះសារថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូប និងជាអ្នកវិនិយោគលើវិស័យទេសចរជាង ២០ឆ្នាំមកហើយនោះ លោកសូមចូលរួមមតិខ្លះៗ ដែលជាបទពិសោធន៍ធ្លាប់មាន ហើយគិតថា នឹងអាចជាប្រយោជន៍ជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា។

ចំណុចដែលជាដំណោះស្រាយទាំងនោះ រួមមាន៖ ១. តភ្ញាប់ការហោះហើរត្រង់ពីតំបន់ទេសចរណ៍សំខាន់ៗ ក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយ:ការលើកទឹកចិត្តពីរាជរដ្ផាភិបាល ចំពោះក្រុមហ៊ុនហោះហើរនានា។ ២. ការផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍កម្ពុជាបន្ថែម ទៅទីផ្សារអន្តរជាតិលើបណ្តាញផ្សព្វផ្សាយនានា ដែលធ្លាប់មានកាលពីមុនដូចជាក្នុង CNN ជាដើម។

៣. ការលើកលែងទិដ្ឋការវីសាក្នុងរយ:ពេលកំណត់ណាមួយ ឬការផ្តល់ជា QR code នៅតាមស្ថានីយ៍មកដល់របស់អ្នកដំណើរ ដែលភ្ញៀវទេសចរអាចស្នើសុំវីសាពេលមកដល់ដោយខ្លួនឯង ជៀសវាងការចំណាយពេល និងចំណាយថវិកាលើស។ ៤. រាជរដ្ឋាភិបាល គួរមានកញ្ចប់ថវិកាក្នុងការជួយអភិវឌ្ឍបន្ថែម នូវតំបន់ទេសចរណ៍សំខាន់នានាទូទាំងប្រទេស ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិ។

៥. ផ្តល់ការលើកទឹកចិត្តចំពោះវិស័យឯកជន ក្នុងការអភិវឌ្ឍតំបន់ទេសចរតាមរយ:ការបន្ធូរបន្ថយពន្ធនានា និងនីតិវិធីក្នុងការស្នើរសុំ។ ៦. ជួយសម្របសម្រួលក្នុងការផ្តល់ឥណ្ឌទានដល់អ្នកវិនិយោគលើវិស័យទេសចរ និង៧. ជួយកាត់បន្ថយពន្ធនាំចូលប្រភេទរថយន្តនានា ដែលជាមធ្យោបាយដឹកជញ្ជួនភ្ញៀវទេសចរ និងអ្នកដំណើរដែលអាចឲ្យវិស័យឯកជន អាចប្រើប្រាស់នូវមធ្យោយបាយដឹកជញ្ជួនទំនើប ទាន់សម័យ ប្រកបដោយសុវត្ថិភាព៕

អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា សួរ វីរៈ