ក្រុមហ៊ុនខ្មែរ២ប៉ុណ្ណោះជាប់ក្នុងបញ្ជីក្រុមហ៊ុនទាំង ៥០០ រកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៣

ក្រុមហ៊ុនខ្មែរ២ប៉ុណ្ណោះជាប់ក្នុងបញ្ជីក្រុមហ៊ុនទាំង ៥០០ រកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៣

មានក្រុមហ៊ុនខ្មែរតែ២ប៉ុណ្ណោះស្ថិតក្នុងតារាងបញ្ជីក្រុមហ៊ុនចំនួន ៥០០ក្រុមហ៊ុនដែលគេហទំព័រ Fortune រកឃើញបានកើបលុយបានច្រើនជាងគេបំផុតក្នុងតំបន់អាស៊ី ឆ្នាំ២០២៣ ដែលមានប្រទេសចំនួន ៧ គឺ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ថៃ សិង្ហបុរី និងកម្ពុជា ខណៈក្រុមហ៊ុនក្នុងស្រុកឡាវ មីយ៉ាន់ម៉ា ព្រុយណេ និងទីម័រ មិនត្រូវបានរាប់បញ្ចូលនោះទេ។

បើតាមគេហទំព័រ Fortune ធនាគារ អេស៊ីលីដា ឈរលើលេខរៀងទី ៣១៥ រកចំណូលបាន ៨២៦.១លានដុល្លារ ចំណេញចំនួន ១៤៨.៤លានដុល្លារ មានទ្រព្យសកម្មចំនួន ៩.៨ពាន់លានដុល្លារ និងផ្តល់ឪកាសការងារបានចំនួន ១៣៥០០នាក់។ អេស៊ីលីដា គឺជាគ្រឹះស្ថានធនាគារខ្មែរដែលជោគជ័យបំផុតក្នុងវិស័យរបស់ខ្លួន ដោយធនាគារនេះបានពង្រីកអាជីវកម្មជាបន្តបន្ទាប់ និងបានបោះជំហានពង្រីកអាជីវកម្មនៅបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ ដូចមាននៅប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ​ជាដើម។

ចំណែក កាស៊ីណូ ណាហ្គាវើល ឈរលេខរៀងទី ៤៤៩ រកចំណូលបានចំនួន ៥៣៣.៣លានដុល្លារ ហើយចំណេញ ១៧៨លានដុល្លារ ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ២,៧៥ពាន់លានដុល្លារ និងផ្តល់ការងារបានចំនួន ៦០៣៨នាក់។ កាស៊ីណូណាហ្គាវើលនៅពេលនេះត្រូវបានគេដឹងថា គឺជាកាស៊ីណូ និងរីសតស្របច្បាប់តែមួយគត់ដែលមាននៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌល សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងប្រវត្តិសាស្រ្ត។

របាយការណ៍ប្រចាំត្រីមាស ដែលកាស៊ីណូណាហ្គាវើលបានប្រកាសនៅផ្សារហ៊ុននៅកោះហុងកុង បង្ហាញឲ្យឃើញថា នៅត្រីមាសទី១នៃឆ្នាំ២០២៤ កាស៊ីណូណាហ្គារកប្រាក់ចំណូលបានសរុបជាង១៤៥លានដុល្លារ កើនឡើងជិត២៤% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងប្រាក់ចំណូលនេះ បានជួយឱ្យកាស៊ីណូនេះទទួលបានប្រាក់ចំណេញមិនទាន់បង់ពន្ធសរុបជាង៨០លានដុល្លារ កើនឡើងជិត៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ។

សូមជម្រាបថា តួលេខខាងលើត្រូវបាន Fortune រាប់បញ្ចូលតែក្រុមហ៊ុនដែលបានប្រកាសរបាយការណ៍ជាសាធារណៈ និងរាយការណ៍ទៅរដ្ឋាភិបាលប៉ុណ្ណោះ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖​ ធនាគារអេស៊ីលីដា