ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនៅតែជាបញ្ហាប្រឈមសម្រាប់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ

ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនៅតែជាបញ្ហាប្រឈមសម្រាប់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ

ម្ចាស់អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការពីគ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុ ដោយសារកង្វះអនុលោមភាព។ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងភាពជាក់ស្ដែងទាំងនោះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) បានស្នើឲ្យធនាគារជាតិនៃកម្ពុជា ចូលរួមអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកិច្ចសហការគាំទ្រការលើកកម្ពស់ការប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុផ្លូវការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគ.ស.អ.ស.ក បានលើកឡើងថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនៅតែជាបញ្ហាប្រឈមសម្រាប់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ ដោយសារកង្វះអនុលោមភាព។ 

តាមដានជាមួយយើង៖ Million Times

លោកបន្តថា គ.ស.អ.ស.ក កំពុងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើតផ្លេតហ្វមឌីជីថលមួយ សម្រាប់ចុះឈ្មោះទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ ដូច្នេះហើយលោករដ្ឋមន្រ្តីក៏បានស្នើឱ្យមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីលទ្ធភាពដែលអាជីវកម្មក្រៅប្រព័ន្ធអាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ក្នុងផ្លេតហ្វមឌីជីថលនោះ។

សម្រាប់ផ្លេតហ្វមឌីជីថល ដែលលោក ហែម វណ្ណឌី បានលើកឡើង លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគាំទ្រឱ្យមានការសិក្សាលម្អិតបន្ថែមទៀតពីមន្រ្តីជំនាញ។ លោកស្រីបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានបំពេញការងារជាច្រើនស្របតាមយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពចុះដល់មូលដ្ឋាន ផ្សព្វផ្សាយជាសាធារណៈ និងបញ្ចូលមេរៀនហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាដើម។ 

បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យអាជីវកម្មក្រៅប្រព័ន្ធបើកគណនីសន្សំនិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ អភិវឌ្ឍប្រព័ន្ធទូទាត់ដែលងាយស្រួល ចំណាយតិច និងមានប្រសិទ្ធភាព ព្រមទាំងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្រ្តីផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ការគាំពារនិងការពង្រឹងសមត្ថភាព ផលិតភាព និង ភាពធន់ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ឲ្យអនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨។

យុទ្ធសាស្ត្រជាតិនេះមានគោលបំណងលើកកម្ពស់ការគាំពារនិងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅ ក្នុងសេដ្ឋកិច្ចក្នុង ប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការ ធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជាតិនេះរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថានឹងក្លាយជា ប្រទីប មួយយ៉ាងសំខាន់ដែលនឹងជួយបំភ្លឺនិងត្រួសត្រាយផ្លូវនៅលើគន្លងមួយដែលពោរពេញទៅ ដោយ ភាពស្មុគស្មាញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងនឹងក្លាយជាកត្តាលីករ ដែលនឹង ជួយជំរុញនិងលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាង ក្រសួង ស្ថាប័ន វិស័យឯកជន អង្គការ ជាតិ និងអន្តរជាតិ និងសមាគមនានា សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព បរិយាបន្ននិងភាពធន់ យ៉ាងពិតប្រាកដ ស្របតាមគោលការណ៍ «មិនបោះបង់ពល រដ្ឋខ្មែរណាម្នាក់»ទាំងក្នុងន័យអភិវឌ្ឍនិងការចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ កើត ឆែ