ច្បាស់ការ! ក្រុមហ៊ុន Minebea នឹងបើកការដ្ឋានសាងសង់រោងចក្រទី ២ នៅកម្ពុជា នាពាក់កណ្តាលខែកញ្ញា

ច្បាស់ការ! ក្រុមហ៊ុន Minebea នឹងបើកការដ្ឋានសាងសង់រោងចក្រទី ២ នៅកម្ពុជា នាពាក់កណ្តាលខែកញ្ញា

នៅសល់តែជាង ១ខែទៀតប៉ុណ្ណោះ ក្រុមហ៊ុន Minebea Mitsumi របស់ប្រទេសជប៉ុន នឹងបើកការដ្ឋាន សាងសង់រោងចក្រទី ២នៅកម្ពុជា​ ដែលគ្រោងចំណាយដើមទុនជាង​ ៦០០លានដុល្លារ។  

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី ១៨ ខែកក្កដានេះ បានជួបជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន Minebea Mitsumi។ ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីកម្មវិធីបើកការដ្ឋាន សាងសង់រោងចក្រ Minebea Mitsumi Inc ទី២ នៅស្រុកក្រគរ ខេត្តពៅធិ៍សាត់ នាពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២៤ខាងមុខ។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុននេះ បានត្រៀមដីចំនួន ៥០ហិកតា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីបង្កើតរោងចក្រដ៏ធំនេះ ហើយគ្រោងចំណាយទុនវិនិយោគចំនួន ៦៥០ លានដុល្លារ ដោយនឹងបង្កើតការងាររាប់ពាន់កន្លែង។

ក្រុមហ៊ុន Minebea Mitsumi បានបើកដំណើររោងចក្រនៅកម្ពុជា នាឆ្នាំ ២០២១១ នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយមានទុនវិនិយោគដំបូងត្រឹមតែ ២៣លានដុល្លារប៉ុណ្ណោះ តែក្រោយមកក្រុមហ៊ុននេះ បានដំឡើងការវិនិយោគដល់ជាង ៦០០លានដុល្លារ។ បច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរជិត ៧ ០០០នាក់។

ក្រុមហ៊ុននេះ កំពុងវិនិយោគនៅកម្ពុជាលើអាជីវកម្ម ផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម៕

អត្ថបទ៖ វីរៈ រូបភាព៖ លោក កែវ រតនៈ