រដ្ឋាភិបាលរៀបចំគោលនយោបាយលើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែ កាត់បន្ថយចំណាយសេវាដឹកជញ្ជូន

ថ្មីៗនេះ​ ក្រុមការងារអន្តរក្រសួងបានពិភាក្សាលើសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» មុននឹងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័តដាក់ឱ្យអនុវត្តនាពេលខាងមុខ ដែលជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ក្នុង​ការរៀបចំ​ ​និង​អភិវឌ្ឍ​វិ​ស័​យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ ​និង​ស្របតាម​និន្នាការ​សកល​។​

ក្របខណ្ឌនេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល។

តាមដានជាមួយយើង៖ Million Times

ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះ ក្រុមការងារអន្តរក្រសួងបានកំណត់គោលដៅក្នុងការបង្កើនការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្ត ដែលគិតគូរអំពី៖ ១. ការកំណត់ទីតាំងកំពង់ផែទន្លេជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និង
២. ការដាក់ចេញនូវសសរស្តម្ភចំនួន ៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្ត្រវិនិយោគ, – ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍន៍ និង ការអនុវត្តបញ្ជីគម្រោងនៃផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកាលពីពេលកន្លងទៅបាន​ដាក់​ចេញ​នូវ​ផែនការ​មេ​គ្រប់ជ្រុងជ្រោយ​ ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​កម្ពុជា​ឆ្នាំ​២​០​២​៣​-​២​០​៣​៣​ (C​IT​L​S) ដោយរាជរដ្ឋាភិបាលបាន​សម្រេច​លើ​កិច្ចការ​អាទិភាព​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ ​រួម​ជាមួយនឹង​ជំពូក​១​៨​ ​និង​មាត្រា​២​៧​៥​ ​នៃ​ច្បាប់​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ត្រូវ​បាន​ចូលជាធរមាន​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​មីនា​។​

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសេដ្ឋកិច្ច