អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំអេចប្រេស នឹងរៀបចំកំពង់ផែទេសចរណ៍ថ្មីនៅកោះស្តេចជាកំពង់ផែគំរូនិងដំបូងគេនៅកម្ពុជា ជាមួយការរចនាឲ្យមានសោភ័ណភាពប្រកបដោយសុវត្ថិភាពល្អលើសពីកំពង់ផែចាស់ ជូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅទីនោះ។
បើតាមការផ្តល់បទសម្ភាសជាមួយគេហទំព័រ Million Times មូលហេតុបណ្តាលចិត្តឲ្យអ្នកឧកញ៉ា សួរ វីរៈ ចង់បង្កើតកំពង់ផែទេសចរណ៍ថ្មីនេះឡើង ដោយសារកំពង់ផែបច្ចុប្បន្នជាកំពង់ផែឈើ មានសភាពចាស់បង្កការលំបាកខ្លាំងទាំងក្នុងរដូវវស្សានិងរដូវប្រាំងសម្រាប់ភ្ញៀវដែលឆ្លងទៅលេងកោះស្តេច ឬប្រជុំកោះផ្សេងៗនោះទីនោះ។
ម្យ៉ាងវិញទៀត អ្នកឧកញ៉ាយល់ថា ប្រសិនបើមិនមានការអភិវឌ្ឍលើកំពង់ផែចាស់នេះទេ វាអាចធ្វើឲ្យវិស័យទេសចរណ៍មានការធ្លាក់ចុះ ដោយសារកំពង់ផែចាស់សូម្បីចំណតឡានត្រឹមត្រូវក៏គ្មាន បន្ទប់ទឹកស្អាតនៅមានកម្រិត ការបំពាក់ភ្លើងអគ្គីសនីក៏មិនទាន់ល្អ ខ្វះសោភណ្ឌភាពច្រើន ព្រមទាំងមិនសូវមានសុវត្ថិភាពនៅពេលភ្ញៀវឆ្លងពីផែទៅទូកពេលមានរលកធំៗមកដល់ជាដើម។
សម្រាប់គម្រោងអភិវឌ្ឍវិញ អ្នកឧកញ៉ាកំពុងរៀបចំហើយដោយក្នុងផែនការធ្វើយ៉ាងណាពន្លឿនឲ្យបានមុនចុងឆ្នាំ២០២៤ ជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ១លានដុល្លារ ។ រយៈពេលសាងសង់អាចចន្លោះពី៥ទៅ៦ខែ ជាមួយផ្ទៃដី១ហិចតាផងដែរ។
ចំណុចលេចធ្លោរបស់កំពង់ផែទេសចរណ៍ថ្មីនេះ គឺមានហាងបាយ ហាងកាហ្វេ បន្ទប់ទឹកអនាម័យប្រកបដោយស្តង់ដាខ្ពស់ ចំណតសុវត្ថិភាពសម្រាប់រថយន្តគ្រប់ប្រភេទ ហាងលក់គ្រឿងសមុទ្រស្រស់ៗគ្រប់ប្រភេទតម្លៃសមរម្យ ផលិតផលក្នុងតំបន់ដែលជាស្នាដៃរបស់សហគមន៍ មានសួនសាធារណ:និងកន្លែងរងចាំប្រកបដោយផាសុកភាព។ បន្ថែមទៀត ក៏មានកញ្ចុះអង្គុយលេងមាត់ឆ្នេរ អាចស្រូបខ្យល់អាកាសដោយមិនធុញទ្រាន់នៅពេលរង់ចាំទូក ឬអូប័រនៅកំពង់ផែផងដែរ។
ក្រោយពីការអភិវឌ្ឍកំពង់ផែនៅកោះស្តេចនេះរួច អ្នកឧកញ៉ា សួរ វីរៈ បច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម័្ពន្ធជាច្រើនរូបនេះសង្ឃឹមថា កំពង់ផែនេះនឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ក្នុងស្រុក ក៏ដូចជាបង្កើតការងារជូនប្រជាជនក្នុងសហគមន៍បានផងដែរ៕
អត្ថបទ៖ នារតី