សមាគមធំៗចំនួន ២ គ្រោងជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី

សមាគមធំៗចំនួន ២ គ្រោងជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី

នៅដើមខែសីហាខាងមុខនេះ នឹងមានការរៀបចំកម្មវិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ កម្មវិធីនេះ គ្រោងធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

លិខិតអញ្ជើញរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលចុះហត្ថលេខាដោយលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម បានឲ្យដឹងថា កម្មវិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី រវាងសមាគមទាំងពីរ គឺធ្វើឡើងដោយយោងតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា ក្នុងសម័យប្រជុំលើកទី ៤អាណត្តិទី ១ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤កន្លងទៅនេះ។

បើតាមលោកអ្នកឧកញ៉ា លី ហួរ កម្មវិធីនេះ នឹងមានអ្នកចូលរួមប្រមាណ ៧០០នាក់ សុទ្ធសឹងជាសមាជិក-សមាជិកា សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ហើយកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤ នៅអគារឌីព្រីមៀ សេនធ័រ សែនសុខ៕

អត្ថបទ៖ វីរៈ រូបភាព៖ សមាគមឧកញ៉ាកម្ពុជា