កត្តាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា

កត្តាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សមាជិកព្រឹទ្ធសភាជប៉ុន សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់នូវសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជានឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគបន្ថែមទៀត។

ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយលោកជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចនាយករដ្ឋមន្រ្តី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយលោកសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ពាក់ព័ន្ធនឹងការវិនិយោគរបស់ជប៉ុននៅកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចអំណោយផលនិងធានាបាននូវភាពប្រកួតប្រជែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើមក្នុងការធានាឱ្យបាននូវភាពជោគជ័យរបស់វិនិយោគិន ក៏ដូចជាវិនិយោគិនជប៉ុននៅកម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយន្តការពិគ្រោះយោបល់ទៀងទាត់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ដាវិនិយោគិនជប៉ុនចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈម និងរកដំណោះស្រាយផងដែរ៕

អត្ថបទ៖ សាង តេជៈ

រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី