លោក គិត ម៉េង ចាយលុយ ១០០លានដុល្លារសង់អគារខុនដូរកម្ពស់ ២៨ជាន់

លោក គិត ម៉េង ចាយលុយ ១០០លានដុល្លារសង់អគារខុនដូរកម្ពស់ ២៨ជាន់

អគារ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ខុនដូ ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បើកដំណើរការជាផ្លូវការ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្គត់ផ្គង់លំនៅដ្ឋានបែបទំនើបនៅកម្ពុជា។ អគារខុនដូរនេះមានកម្ពស់២៨ជាន់ ស្ថិតចំកណ្តាលទីក្រុងភ្នំពេញ ដែលវិនិយោគឡើងក្នុងទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារ។

លោក គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានថ្លែងថា ខុនដូ រ៉ូយាល់គ្រុប ផ្លាទីនឹម គឺជាសក្ខីភាពមួយដែលស្តែងចេញនូវចក្ខុវិស័យភាពច្នៃប្រឌិត ស្ថិតនៅក្នុងខណ្ឌទួលគោក ចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។ លោកថា អគារនេះបានឈរត្រដែតស្កឹមស្កៃបង្ហាញពីការរចនា នៃភាពច្នៃប្រឌិតដ៏ស៊ីវីល័យ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើបដ៏សម្បូរបែបដែលគម្រោងនេះមានតម្លៃប្រមាណជិត ១០០ លានដុល្លារ។

ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម បានចាប់ផ្តើមបើកកាដ្ឋានសាងសង់នៅថ្ងៃ៧ ខែឧសភា ឆ្នាំ២០១៩ មាន៨៥១យូនីត និងផ្ទះអាជីវកម្មចំនួន៥០ផ្ទះ លាតសន្ធឹងលើផ្ទៃដីជាង១០ម៉ឺនម៉ែត្រការ៉េ  ដែលមានកម្ពស់២៨ជាន់។ គម្រោងត្រូវបានសហការវិនិយោគឡើងដោយក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង និងក្រុមហ៊ុន ហុង ឡៃហួត គ្រុប របស់សិង្ហបុរី៕

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ សេដ្ឋានី

រូបភាព៖ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម