គណៈកម្មាធិការវិនិយោគកម្ពុជា​ ចុះពិនិត្យទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ១៤០ហិកតា

គណៈកម្មការអន្តរក្រសួង​ នៅព្រឹកថ្ងៃចន្ទនេះបានចុះពិនិត្យទីតាំងនៃគម្រោងស្នេីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដីទំហំជាង ១៤០ ហិកតារបស់ក្រុមហ៊ុន Pursat Special Economic Zone។

បើតាមគណៈកម្មាធិការវិនិយោគកម្ពុជា​  គម្រោងស្នេីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស​ របស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. មានទីតាំងស្ថិតនៅត្រង់គីឡូម៉ែត្រលេខ១៥៤​ ​លេីផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។

តាមដានជាមួយយើង៖ Million Times

ការចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ គណៈកម្មាការអន្តរក្រសួង បានពិនិត្យយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវបំពេញឱ្យសមស្របតាមលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ជាធរមាន។

ពាក់ព័ន្ធនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនទាន់បញ្ជាក់ពីប្រភពវិនិយោគិនដែលមកពីបណ្តាប្រទេសណានោះទេ។ យ៉ាងណាកន្លងមក លោក ស៊ុន ចាន់ថុល ធ្លាប់បានបង្ហើបឲ្យដឹងថា ជប៉ុនត្រៀមបង្កើតតំបន់សេដ្ឋកិច្ចរបស់ខ្លួនស្ថិតនៅខេត្តពោធិ៍សាត់ធ្វើ​ឡើងតាម​គំនិត​ផ្ដួចផ្ដើម​របស់​សម្តេច​ ហ៊ុន ម៉ាណែត ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​​ជប៉ុន។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី​១​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​ បញ្ជាក់​ថា ក្រុមហ៊ុន​ មីនីបៀ បាន​ទិញ​ដីចំនួន ៥០ ហិកតា​លើគម្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេសកម្ពុជា​​-ជប៉ុន​ នៅ​ខេត្ត​ពោធិ៍សាត់ និង​ត្រៀម​បម្រុង​ដី​ជាង ២០០០ ហិកតា​ទៀត​សម្រាប់បន្ត​​អភិវឌ្ឍ​គម្រោង​នេះ។

ទាក់ទង​ការ​ជ្រើសរើស​ខេត្ត​ពោធិ៍សាត់ជាទីតាំង​សម្រាប់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ទីមួយ​​របស់​ជប៉ុន លោកថាដោយ​សារ​ខេត្តមាន​ភូមិសាស្រ្តអំណោយផល ជាពិសេស​​មាន​ប្រព័ន្ធ​ដឹកជញ្ជូន​ប្រទាក់ក្រឡា​មាន​ផ្លូវ​ជាតិ​លេខ ៥ ដែល​ទើប​ស្តារ​និង​ពង្រីក រួមទាំង​ផ្លូវ​ដែកតភ្ជាប់​ផង​ដែរ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC