ភ្លៀងបន្តធ្លាក់កាន់តែជួយបង្អាក់ការកកើតដង្កូវហ្វូងនិងសត្វល្អិតចង្រៃលើដំណាំកសិករ

ភ្លៀងបន្តធ្លាក់កាន់តែជួយបង្អាក់ការកកើតដង្កូវហ្វូងនិងសត្វល្អិតចង្រៃលើដំណាំកសិករ

ដំណាំស្រូវ រួមទាំងដំណាំដទៃទៀត ពិសេសដំឡូងមីនៅខេត្តរតនគិរី មិនទទួលរងផលប៉ះពាល់ពីដង្កូវហ្វូងនិងសត្វល្អិតចង្រៃបំផ្លាញដូចមុនទៀតទេ ស្របពេលដែលភ្លៀងបន្តធ្លាក់រួមនឹងវិធានការរបស់ក្រសួងចុះអន្តរាគមន៍កន្លងមក។

តាមដានជាមួយយើង៖ Million Times

នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យនិងវាយតម្លៃឃើញថា លទ្ធផលនៃការត្រួតពិនិត្យ ដំណាំស្រូវ និងដំណាំដទៃទៀត មិនទទួលរងផលប៉ះពាល់ពីដង្កូវហ្វូង និងសត្វល្អិតបំផ្លាញនោះទេ។

មិនប៉ះពាល់ដោយសារកន្លងមក មន្ទីរ​កសិកម្មខេត្ដរតនគិរី បានសហការ​ជាមួយមន្ត្រីជំនាញរួមមាន រដ្ឋបាលក្រុង-ស្រុក ចុះពិនិត្យ និងបានចាត់​វិធានការទាន់ពេលវេលា នៅអំឡុងពេលដែល​មានការរាតត្បាត​តិចតួច​ពីដង្កូវហ្វូងលើដំណាំស្រូវ និងដំឡូងមី។

មកដល់ពេលនេះ ស្ថានភាព​ដំណាំមានការលូតលាស់ជាធម្មតា ស្របពេលដែលភ្លៀងបានបន្ដធ្លាក់​ជាកត្ដាបង្អាក់ដល់ការកកើតនៃពពួកសត្វល្អិតចង្រៃ ពិសេសពពួក​ដង្កូវហ្វូង។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់ថ្នាក់​មន្ទីរកសិកម្មខេត្ដនិងមន្ត្រីកសិកម្មឃុំ បន្ដចុះតាមដានជាប្រចាំ ដោយសហការ​​ជាមួយក្រុមការងារជំនាញពាក់ព័ន្ធ ដើម្បីចុះជួយអន្តរាគមន៍​ជាបន្ទាន់លើករណីមានការរីករាលដាលនៃពពួកសត្វល្អិតចង្រៃ។ សំដៅកាត់បន្ថយផលប៉ះពាល់​លើផលិតកម្មកសិកម្ម​របស់ប្រជាកសិករឲ្យបានទាន់ពេលវេលា៕

អត្ថបទ៖ នារតី