វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តអាចរក្សាបានស្ថិរភាព និងនិរន្តរភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ​

មន្ត្រីធនាគារជាតិនៃកម្ពុជា បានអះអាងថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តអាចរក្សាបាននូវស្ថិរភាព និងនិរន្តរភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ​ និងបង្កើនជំនឿទុកចិត្តពីសាធារណជន។

ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុ ស្តីពី អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន នៅថ្ងៃទី ៤ ខែកក្កដានេះ។

ក្នុងសិក្ខាសាលានេះ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោក អែម កំណាន់ បានកត់សម្គាល់ថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយក៏អាចរក្សាបាននូវស្ថិរភាព និងនិរន្តរភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ និនងបង្កើនជំនឿទុកចិត្តពីសាធារណជន ផងដែរ។

តាមដានជាមួយយើង៖ Million Times

លោកបន្ថែមថា ការរីកចម្រើននៃបច្ចេកវិទ្យា បានគាំទ្រដល់នវានុវត្តន៍សេវាហិរញ្ញវត្ថុ តួយ៉ាងដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ផ្លូវការដែលមានភាពងាយស្រួល សុវត្ថិភាព និងតម្លៃសមរម្យ។

បើតាមមន្ត្រីធនាគារជាតិនៃកម្ពុជារូបនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ជាបន្តបន្ទាប់ ក្នុងគោលដៅសម្រួលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលជាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធទូទាត់បាគង និងKHQR Code។

លោក អែម កំណាន់ បានបញ្ជាក់ថា សេវានេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់សេវាទូទាត់សងប្រាក់ អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់ឆ្លងគ្រឹះស្ថាន និងឆ្លងប្រទេសមួយចំនួន ដូចជា៖ ថៃ ម៉ាឡេស៊ី ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិ យូញៀនផេ បានដោយមិនអស់កម្រៃ មានភាពឆាប់រហ័ស និងសុវត្ថិភាព ផងដែរ។

នៅក្នុងសិក្ខាសាលានេះ ប្រធានប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកស្រី ឌិត នីតា បានឲ្យដឹងដែរថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤នេះ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគាំទ្រដល់ប្រជាពលរដ្ឋចំនួន ១,៥៥លាននាក់ និងបានផ្តល់ឥណទានចំនួន ៥,១៦ពាន់លានដុល្លារ នៅទូទាំង​ប្រទេស ដោយគ្រប់ដណ្ដប់លើវិស័យនៃខឿនសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម