មន្ត្រីក្រសួងសេដ្ឋកិច្ច ឆ្លើយតបចម្ងល់រឿងសេដ្ឋកិច្ចឡើង តែពលរដ្ឋពិបាករកចំណូល

មន្ត្រីក្រសួងសេដ្ឋកិច្ច ឆ្លើយតបចម្ងល់រឿងសេដ្ឋកិច្ចឡើង តែពលរដ្ឋពិបាករកចំណូល

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានពន្យល់អំពីស្ថានភាពដែលសេដ្ឋកិច្ចត្រូវបានព្យាករថា មានកំណើន តែមានប្រជាពលរដ្ឋមួយចំនួនរអ៊ូថា ពិបាករកចំណូល។ ក្នុងឆ្នាំ ២០២៤នេះ រដ្ឋាភិបាលកម្ពុជា ព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៦ភាគរយ ហើយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងមានកំណើនជិត ៦ភាគរយដែរ។

ពាក់ព័ន្ធនឹងការលើកឡើងថា ការព្យាករសេដ្ឋកិច្ចកម្ពុជាមានកំណើន តែប្រជាពលរដ្ឋជាអ្នកប្រកបមុខរបរនានា ជួបការលំបាកនេះ លោក ផាន ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ដោយសារតែសកម្មភាពសេដ្ឋកិច្ចមានដំណើរការល្អ ទើបការព្យាករចេញជាលទ្ធផលវិជ្ជមាន។

លោកពន្យល់ថា ការព្យាករសេដ្ឋកិច្ចមានកំណើន ៥, ៦ ឬ ៧ភាគរយ នោះក៏ដោយសារតែផលិតកម្មក្នុងវិស័យមួយចំនួន មានការកើនឡើង។ ដូច្នេះនៅពេលសកម្មភាពផលិតកម្មកើនឡើង នោះនឹងបង្កើតឲ្យមានការងារច្រើនជាងមុន និងចំណូលក៏កើនជាងមុនដែរ។

តាមដានជាមួយយើង៖ Million Times

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានបន្ថែមថា ចំពោះស្ថានភាពបច្ចុប្បន្ន ដែលមានប្រជាពលរដ្ឋរអ៊ូថា ពិបាករកចំណូល គឺមិនមែនប្រជាពលរដ្ឋទាំងអស់លំបាកនោះទេ ដោយអ្នកខ្លះនៅតែអាចរកចំណូលបានគួរសម ជាពិសេសអ្នកធ្វើការនៅក្នុងវិស័យធនាគារ និងវិស័យមួយចំនួនទៀត។

លោក ផាន ផល្លា បានក្នុងសន្និសីទសារព័ត៌មានមួយថា «ប៉ុន្តែសួរថា ឥឡូវនេះ តើការកើនឡើងនេះ ហើយបងប្អូនថា អ្នកខ្លះនៅតែលំបាក កន្លែងនេះខ្ញុំសូមបញ្ជាក់ថា មិនមែនលំបាកទាំងអស់គ្នាទេ ឧទាហរណ៍ក្នុងវិស័យមួយចំនួន វិស័យធនាគារ វិស័យធនាគារជាវិស័យមួយដែលការរីកលូតលាស់ខ្លាំង ក្នុងរយៈពេល ២០ឆ្នាកន្លងមកនេះ ហើយបានផ្ដល់ការងារជាច្រើន មិនមែនត្រឹមតែផ្ដល់ការងារច្រើននោះទេ ប្រាក់ខែក៏ខ្ពស់ដែរក្នុងវិស័យធនាគារនេះ ហើយយើងសួរថា​ តើបងប្អូនក្នុងវិស័យធនាគារនេះលំបាកទេ? អត់ទេ គាត់មានការងារធ្វើ គាត់មានប្រាក់ខែ»។

យ៉ាងណាក៏ដោយ លោកថា សម្រាប់ធ្វើការងារក្នុងវិស័យផ្សេង ដូចជាវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មជាដើម អាចនៅកំពុងជួបការលំបាកខ្លះ។ លោកបន្ថែមទៀតថា «នៅពេលកូវីដបាត់ទៅវិញ លែងមានកូវីដ ទេសចរណ៍ចាប់ផ្ដើម ប៉ុន្តែយើងសួរថា តើវិស័យទេសចរណ៍ចាប់ផ្ដើម ចាប់ផ្ដើមបូកមុនកូវីដ ឬក៏ចាប់ផ្ដើមកំណើនដែលនៅក្នុងកម្រិតមួយទាបនៅឡើយ»។

លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការព្យាករពីស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពជាក់ស្តែង គឺមានភាពខុសគ្នាតិចតួចប៉ុណ្ណោះ ដោយលោកថា ការព្យាករសេដ្ឋកិច្ចកើន ក៏ដោយសារតែសកម្មភាពសេដ្ឋកិច្ចមានដំណើរការល្អ ដែលមានកំណើនការងារ និងមានចំណូល៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម