កសិករគួរបន្តប្រុងប្រយ័ត្នព្រោះអាចផ្ទុះដង្កូវហ្វូងជាលើកទី២

តាមរយៈការចុះអន្តរាគមន៍ និងការខិតខំប្រឹងប្រែងរបស់ប្រជាកសិករជាម្ចាស់ស្រែចម្ការ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀតបានធ្វើឲ្យដង្កូវហ្វូងដែលបំផ្លិចបំផ្លាញដំណាំស្រូវនិងដំណាំដំឡូងមីមានការថយចុះ។ យ៉ាងណាក្តី ក្រុមការងារបច្ចេកទេសក្នុងខេត្តព្រះវិហារនៅតែបន្តឲ្យប្រជាកសិករប្រុងប្រយ័ត្ន ព្រោះអាចផ្ទុះដង្កូវហ្វូងជាលើកទី២។

ក្រុមការងារបច្ចេកទេសបានរកឃើញដុកឌឿជាច្រើននៅតាមពំនូកដី និងភ្លឺខ្ពស់ៗ។ ក្នុងលក្ខខណ្ឌសមប្រកបណាមួយ (កូនរដូវប្រាំង) ដុកឌឿទាំងនេះ នឹងអាចញាស់ជាមេអំបៅ ហើយអាចបង្កជាការផ្ទុះឡើងដង្កូវហ្វូងបាន។ យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់តាំងពីដើមខែមិថុនាមក ដង្កូវហ្វូងបានបំផ្លិចបំផ្លាញដំណាំនៅក្នុងខេត្តព្រះវិហារ សរុប ៤៥៩២ហិកតា ក្នុងនោះស្រូវ មានចំនួន ១ ២២១ ហិកតា ស្មើនឹង ២,១ % ធៀបនឹងផ្ទៃដីដាំដុះរួច និងដំឡូងមី ៣ ៣៧១ ហិកតា ស្មើនឹង ៧,៦% ធៀបនឹងផ្ទៃដីដាំដុះ។

តាមដានជាមួយយើង៖ Million Times

មន្ទីរកសិកម្មខេត្តបានចាត់វិធានការចាំបាច់ដូចជាវិធានការមេកានិច ជីវសាស្ត្រនិងគីមី ដើម្បីទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងនេះ។  

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឡឹក សុធារបានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីកសិកម្មឃុំ សូមបន្តតាមដានវត្តមានមេអំបៅ និងដង្កូវហ្វូងនេះ ព្រមទាំងបន្តរាយការណ៍ ដើម្បីស្វែងរកអន្តរាគមន៍បន្ទាន់។ លើសពីនេះ លោកបានណែនាំឱ្យមន្ទីរកសិកម្មខេត្ត រៀបចំជាផែនទីស្ដីពីការបំផ្លាញដំណាំពីដង្កូវហ្វូង ក្នុងកម្រិតឃុំ បន្តតាមដានការលូតលាស់និងទិន្នផលរបស់ដំណាំដែលរងការបំផ្លិចបំផ្លាញផងដែរ (ជាពិសេសដំឡូងមី)៕



អត្ថបទ៖ នារតី