ក្រុមហ៊ុនចិនមួយ ជំនាញផលិត Cosmetic និងមានផ្សារទំនើបជាង ៣ពាន់កន្លែង ពិចារណាវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិនមួយ ជំនាញផលិត Cosmetic និងមានផ្សារទំនើបជាង ៣ពាន់កន្លែង ពិចារណាវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិនមួយ ដែលផលិតផលិតផល Cosmetic និងមានផ្សារទំនើបជាង ៣ពាន់កន្លែង នៅទូទាំងពិភព លោក បានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួន នឹងពិចារណាបណ្តាក់ទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ពីព្រោះកម្ពុជាមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន។

ការប្រកាសនេះ ស្របពេលដែលលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ២ ខែកក្កដានេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. ដឹកនាំដោយលោក ស៊ី ជានឆឹង។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនេះ ប្រតិភូក្រុមហ៊ុនចិន បានកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានបញ្ជាក់ថាក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. មានជំនាញផលិតផលិតផល Cosmetic ដោយនាំចូលវត្ថុធាតុដើមពី ប្រទេសម៉ាឡេស៊ី ហើយផលិតផលរបស់ក្រុមហ៊ុន បានមានវត្តមាននៅទីផ្សារកម្ពុជាបណ្តើរៗហើយ។

តំណាងក្រុមហ៊ុន លោក ស៊ី ជានឆឹង បានបញ្ជាក់ទៀតថា ដោយសារកម្ពុជា មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន កម្ពុជាជាប្រទេសដែលក្រុមហ៊ុនពិចារណាបណ្តាក់ទុនវិនិយោគមុនគេ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអំណរគុណដល់គណៈប្រតិភូក្រុមហ៊ុនខាងលើនេះ ដែលបានមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា និងដោយផ្អែកលើកត្តាអំណោយផល និងសក្ដានុពលនៅកម្ពុជា។

លោកបានជំរុញលើកទឹកចិត្ត ឲ្យក្រុមហ៊ុនគិតគូរវិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានផលិតសម្រាប់ទីផ្សារក្នុងស្រុក ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. មានទីតាំងស្ថិតនៅតំបន់បច្ចេកវិទ្យាជាតិនៃទីក្រុងស្ទិច្ចវ ប្រទេសចិន និងមានផ្សារទំនើប Greenleaf Supermarkets ប្រមាណ ៣ ៦០០កន្លែង នៅទូទាំងពិភពលោក៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា