ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍

ចំនួនកសិករផលិត ផ្ទៃដីដាំដុះ និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ ព្រមទាំងបាននាំចេញទៅកាន់បណ្តាប្រទេសនានាជាច្រើន តាមរយៈការសម្រេចបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន ៧ម៉ាក លើផលិតផលក្នុងវិស័យកសិកម្មចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤។

ការសម្រេចបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចំនួន ៧ម៉ាករបស់ក្រសួងពាណិជ្ជកម្ម រួមមាន៖ ១- ម្រេចកំពត ២- ស្ករត្នោតកំពង់ស្ពឺ ៣- ក្រូចថ្លុងកោះទ្រង់ ៤- ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥- អំបិលកំពតកែប ៦- ទឹកត្រីកំពតកែប និង៧- បង្កងតាកែវ។

តាមដានជាមួយយើង៖ Million Times

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញគឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។

លោកស្រីបន្តថា ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចាប់តាំងពីឆ្នាំ២០០៧ ដើម្បីរៀបចំប្រព័ន្ធអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដូចជា៖ ការបង្កើតការិយាល័យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តគម្រោងសាកល្បងចុះបញ្ជីការពារ “ម្រេចកំពត” និង “ស្ករត្នោតកំពង់ស្ពឺ” ដែលផលិតផលទាំងនេះមានលក្ខណៈពិសេស ផ្សាភ្ជាប់នឹងតំបន់ភូមិសាស្ត្រ ចំណេះដឹង-ចំណេះធ្វើ និងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋក្នុងតំបន់ និងមានកេរ្តិ៍ឈ្មោះល្បី ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

ក្នុងពិធីសម្ពោធគម្រោងស្តីពី «ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព» កាលពីថ្ងៃទី១កក្កដាម្សិលមិញ លោកស្រី ចម និម្មល បានបញ្ជាក់ថា ចាប់តាំងពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ឃើញថា ចំនួនកសិករផលិត ផ្ទៃដីដាំដុះ និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ ព្រមទាំងបាននាំចេញទៅកាន់បណ្តាប្រទេសនានាជាច្រើន។ ក្នុងនោះ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ បានចុះបញ្ជីការពារម៉ាកនៅអន្តរជាតិ ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជានៅឆាកអន្តរជាតិឱ្យមានភាពល្បីល្បាញ ទទួលបាននូវទំនុកចិត្ត និងការគាំទ្រពីអ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញទេសចរណ៍។ បន្ថែមពីនេះ អំបិលកំពតកែប ក៏កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីនៅសហភាពអឺរ៉ុប និងតាមរយៈប្រព័ន្ធច្បាប់ទីក្រុងហ្សឺណែវ ផងដែរ។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម ក៏កំពុងរៀបចំឯកសារ ដើម្បីដាក់បញ្ជូល ប្រហុកសៀមរាប, ក្តាមថ្មកោះកុង និងទុរេនកំពត ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (Geographical Indication-GI)។ ក្រសួងបានបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលជួយពង្រឹងគុណភាព ការបង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្តដល់អ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធធានារ៉ាប់រងគុណភាព៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងពាណិជ្ជកម្ម