ពីអ្នកលក់សាច់ជ្រូកតាមផ្សារក្លាយជាម្ចាស់សិប្បកម្មមានបំណងធំចង់នាំសាច់ក្រក-ងៀតទៅក្រៅប្រទេស

ដោយសារតែវិបត្តិកូវីដ១៩បានជម្រុញឲ្យអ្នកស្រី សុង លីហួន វិវឌ្ឍខ្លួនពីអ្នកលក់សាច់ជ្រូកតាមផ្សារធម្មតាម្នាក់មកជាម្ចាស់សិប្បកម្មសាច់ក្រកនិងសាច់ងៀតនៅខេត្តសៀមរាប ។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏មានបំណងចង់នាំផលិតផលរបស់ខ្លួនទៅលក់នៅក្រៅប្រទេសផងដែរ ដើម្បីពង្រីកទីផ្សារកាន់តែធំ។



ម្ចាស់សិប្បកម្ម លីហួន ហ្វូដ រូបនេះប្រាប់ថា កាលពីអ្នកស្រីនៅជាអ្នកលក់សាច់ជ្រូកតាមផ្សារ អ្នកស្រីក៏មានកសិដ្ឋានចិញ្ចឹមជ្រូកផងដែរ។ មិនតែប៉ុណ្ណោះ អ្នកស្រីដើរទិញសាច់ជ្រូកស្រស់ពីអ្នកលក់តាមភូមិដូចគ្នាយកទៅបោះឲ្យខាងភោជនីយដ្ឋាននិងសណ្ឋាគារដើម្បីផ្គត់ផ្គង់បន្ត។ សាច់ជ្រូកមួយចំនែក អ្នកស្រីយកទៅធ្វើសាច់ផាត់ សាច់ក្រក និងសាច់ងៀតតិចតួចតាមការផលិតដោយដៃប៉ុណ្ណោះ។ ចៃដន្យ បញ្ហាកូវីដក៏ចូលមកដល់ ធ្វើឲ្យភោជនីយដ្ឋាននិងសណ្ឋាគារជាច្រើនផ្អាកដំណើរការ នាំឲ្យអ្នកស្រីបង្វែរពីលក់សាច់ជ្រូកស្រស់មកជាសាច់ក្រក សាច់ងៀតច្រើនវិញរហូតដល់បច្ចុប្បន្ន។

តាមដានជាមួយយើង៖ Million Times

បើកជាសិប្បកម្មផលិតសាច់ក្រកនិងសាច់ងៀតនេះ អ្នកស្រីបានប្រើប្រាស់ម៉ាស៊ីនដែលជួយឲ្យការផលិតក្នុងមួយថ្ងៃបានកាន់តែច្រើនដល់ទៅ៣០០-៤០០គីឡូក្រាម ដោយម៉ាស៊ីនអាចផលិតបានចូលខ្ទង់តោនក៏មាន។ ម្យ៉ាងទៀត អ្នកស្រីបានរៀបចំការហាលសម្ងួតតាមបែបស្តង់ដា វេចខ្ជប់មានអនាម័យដែលកាលពីមុន អ្នកស្រីផលិតសាច់ក្រកដោយដៃនិងចងវាជាខ្សែៗធម្មតានោះទេ។



កត្តាដែលចេះតែជម្រុញអ្នកស្រីផលិតសាច់ក្រកដោយដៃមកជាប្រើម៉ាស៊ីននេះ ដោយសារតែតម្រូវការទីផ្សារកាន់តែច្រើន នាំឲ្យអ្នកស្រីមានទឹកចិត្តបង្កើតការផលិតនេះថែមទៀត។ ក្រៅពីនេះ អ្នកស្រីក៏បានជួយរកទីផ្សារដល់អ្នកលក់សាច់ជ្រូកក្នុងភូមិនៅពេលមានការបញ្ជាទិញច្រើនមកសិប្បកម្មផងដែរ ។ យ៉ាងណាក្តី ការបើកសិប្បកម្មនេះត្រូវការដើមទុនច្រើន ហើយអ្នកស្រីបានខ្ចីទុនខ្លះពីធនាគារដើម្បីឲ្យដំណើរការរលូនផងដែរ។

បច្ចុប្បន្ន ការលក់សាច់ក្រកនិងសាច់ងៀតនេះបានចែកចាយទូទាំង២៥ខេត្តក្រុង ព្រមទាំងមានតំណាងចេកចាយបន្តថែមទៀតផង ប៉ុន្តែការលក់គឺនៅតាមទីផ្សារធម្មតានិងតាមផ្សារទំនើបមួយចំនួន។ អ្នកស្រី សុង លីហួន បន្តថា អតិថិជនមានទំនុកចិត្តខ្ពស់សម្រាប់ការជ្រើសយកផលិតផលនៅសិប្បកម្មនេះ ដោយសារតែអ្នកស្រីបានគិតគូខ្ពស់លើអនាម័យការវេចខ្ជប់ ហើយអ្នកស្រីគ្រោងនឹងផលិតសាច់ក្រកប្រអប់និងសាច់ងៀតឆ្អិនស្រាប់ថែមទៀត។



នាមជាសហគ្រិនស្រ្តីម្នាក់ អ្នកស្រី សុង លីហួន មានបំណងចង់យកផលិតផលរបស់ខ្លួននាំចេញទៅលក់នៅក្រៅប្រទេសបន្ថែមទៀត ដើម្បីពង្រីកទីផ្សារឲ្យកាន់តែធំហើយក៏ជាការរួមចំណែកជួយរកការងារជួយដល់ប្រជាជនកម្ពុជាបានផងដែរ៕



អត្ថបទ៖ នារតី