អ្នកឧកញ៉ា លឹម ហេង ត្រូវបានចាត់តាំងជាប្រធានក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន

អ្នកឧកញ៉ា លឹម ហេង ត្រូវបានចាត់តាំងជាប្រធានក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានចាត់តាំងជាប្រធានក្រុមការងារចំពោះកិច្ចអនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ នេះបើយោងតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន ផ្សព្វផ្សាយនៅថ្ងៃទី ២៩ ខែមិថុនានេះ។

នៅក្នុងសេចក្ដីសម្រេចនេះ បានឲ្យដឹងថា ត្រូវបានបង្កើតក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តតាមក្រុមការងារនីមួយៗ ដែលបានដាក់ចេញតាមរយៈសេចក្តីសម្រេចទទួលស្គាល់សមាសភាពផ្លូវការ របស់ផ្នែកឯកជន របស់រាជរដ្ឋាភិបាល សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនរបស់សភាពាណិជ្ជកម្មកម្ពុជា។

តាមដានជាមួយយើង៖ Million Times

សមាសភាពនៃក្រុមការងារចំពោះកិច្ចអនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន រួមមាន៖ អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន ជាប្រធាន, ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុ ជាអនុប្រធានប្រចាំការ, លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាអនុប្រធាន, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាអនុប្រធាន, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាអនុប្រធាន។ ក្រៅពីនេះ ក៏មានសមាជិកចំនួន ៣រូប និងលេខាធិការ ១រូប ផងដែរ។

បើតាមសេចក្ដីសម្រេចដដែល គឺក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានភារកិច្ចតាមដានវឌ្ឍនភាពនៃការអនុវត្តសម្របសម្រួលកិច្ចប្រជុំ នៃក្រុមការងារនីមួយៗផ្នែកឯកជន ដែលបានដាក់ចេញតាមរយៈសេចក្តីសម្រេច ទទួលស្គាល់សមាសភាពផ្លូវការរបស់ផ្នែកឯកជន របស់រាជរដ្ឋាភិបាល សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន របស់សភាពាណិជ្ជកម្មកម្ពុជា។

ម្យ៉ាងទៀត ត្រូវរៀបចំឯកសារចាំបាច់នានា និងកំណត់នូវយន្តការសម្រាប់តាមដាន និងវាយតម្លៃរបស់ក្រុមការងារ និងធ្វើ ការសហការល្អជាមួយអន្តរក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធនានា ដែលជាដៃគូសន្ធា តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល និងរៀបចំផែនការសកម្មភាពដើម្បីប្រមូលលទ្ធផលការងារ នៃការអនុវត្តរបស់ក្រុមការងារនីមួយៗ ផ្នែកឯកជន ដែលបានរៀបចំកិច្ចប្រជុំហើយ។

បន្ថែមលើនេះ ត្រូវសម្របសម្រួល និងជំរុញការអនុវត្តភារកិច្ចរបស់តួអង្គពាក់ព័ន្ធ រៀងរាល់ ៦ខែម្តង ឬតាមការ ចាំបាច់ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាព ជំរុញសកម្មភាពនៃកិច្ចពិភាក្សាស្វែងរកបញ្ហាប្រឈម ដោះស្រាយបញ្ហាប្រឈម ដាក់ចេញនូវវិធានការ កែតម្រូវ និងវាស់វែងពីកិច្ចខិតខំប្រឹងប្រែង និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តវិធានការ របស់សហប្រធានក្រុមការងារនីមួយៗ។

ក្នុងនោះដែរ ត្រូវចូលរួមរាល់កិច្ចប្រជុំតាមក្រុមការងារនីមួយៗផ្នែកឯកជន ជាមួយក្រសួងដែលជាដៃគូសន្ធា ដើម្បីទទួលបាននូវការឆ្លើយតប ដោះស្រាយបំភ្លឺរាល់បញ្ហាកង្វល់ សំណូមពរនានា លើកឡើងដោយវិស័យឯកជនតាមក្រុមការងាររៀបចំរបាយការណ៍លទ្ធផលការងារ ជូនថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន នៅរៀងរាល់ដំណាច់ខែឧសភានៃឆ្នាំនីមួយៗ ដើម្បីថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជនធ្វើរបាយការណ៍ប្រចាំឆមាសជូនរាជរដ្ឋាភិបាល ហើយចូលរួមប្រជុំក្រុមការងារតាមការកោះអញ្ជើញរបស់ប្រធាន ឬអនុប្រធានក្នុងករណីប្រធានអវត្តមាន អនុវត្ត ការងារដែលពាក់ព័ន្ធផ្សេងទៀត តាមការសម្រេចរបស់សភាពាណិជ្ជកម្មកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា