ក្រុមហ៊ុនឧកញ៉ា លឹម ប៊ុនសួរ ទទួលបានសិទ្ធិគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ក្រុមហ៊ុនឧកញ៉ា លឹម ប៊ុនសួរ ទទួលបានសិទ្ធិគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុនសួរ ទទួលបានសិទ្ធិគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រមួយ សម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរពីបណ្តាប្រទេសនានា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ប្រតិបត្តិការ និងការថែទាំ “កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត” ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមិថុនា ក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន អេហ្សេត ប៊ីលនើរ ឯ.ក (AZ Builders Co., Ltd.)។

តាមដានជាមួយយើង៖ Million Times

ការចុះកិច្ចព្រមព្រៀងនេះ មានគោលបំណងដើម្បីផ្តល់សិទ្ធិប្រតិបត្តិការវិនិយោគ ឲ្យទៅក្រុមហ៊ុនអេហ្សេត ប៊ីលនើរ ឯ.ក ដើម្បីអាចគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ តាមកិច្ចព្រមព្រៀងនេះគឺក្រុមហ៊ុន ត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែ សាកល្បងនៅក្នុងត្រីមាសទី ៣ និងអនុវត្ត ការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញ នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤នេះ។

នៅក្នុងពិធីនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន AZ Builders Co., Ltd នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើផលប្រយោជន៍របស់ប្រទេសជាតិនិយាយជារួម និងផលប្រយោជន៍របស់ក្រុមហ៊ុននិយាយដោយឡែក។

លោកថា គម្រោង អភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ ជាឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ហើយត្រូវបានសាងសង់ ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ដែលជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូនរាជរដ្ឋាភិបាលកម្ពុជា។

ដំបូងឡើយ ដំណើរការសាងសង់កំពង់ផែនេះ ត្រូវបានគ្រប់គ្រងដោយក្រសួងទេសចរណ៍ និងបានបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ ហើយគ្រោងបញ្ចប់នៅខែកុម្ភៈឆ្នាំ ២០២០ តែដោយសារមូលហេតុបច្ចេកទេសសំណង់ ដំណើរការសាងសង់ត្រូវបានពន្យារពេល។ ដើម្បីជំរុញល្បឿន នៃការសាងសង់កំពង់ផែនេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន គ្រប់គ្រងលើផ្នែកបច្ចេកទេស ថវិកា និងការងារសាងសង់ ដើម្បីអនុវត្តគម្រោងបន្ត ហើយដែលការសាងសង់នេះ ត្រូវបានបញ្ចប់ទាំងស្រុង កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។

ហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់រួចរាល់ជាស្ថាពរ រួមមាន៖ ចំណតនាវា អគាររដ្ឋបាល ស្ថានីយអ្នកដំណើរ អគារបច្ចេកទេស ផ្លូវបេតុងចូល កំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ បណ្តាញអគ្គិសនី ទឹកស្អាត របង ប៉ុស្តិ៍យាម ផ្លូវក្នុងបរិវេណកំពង់ផែ ចំណតរថយន្ត សួនច្បារ ស្រះទឹក កន្លែងទុកដាក់សំរាម និងការបំពាក់ឧបករណ៍សម្ភារៈចាំបាច់មួយចំនួន ដើម្បីធានាដល់ប្រតិបត្តិការរបស់កំពង់ផែ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គឺជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរពីបណ្តាប្រទេសនានា ជាមួយនឹងប្រទេសកម្ពុជា និង បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរលេងកម្សាន្ដ របស់ភ្ញៀវទេសចររវាងកំពង់ផែនេះ និងតំបន់កោះនានា នៃប្រទេសកម្ពុជា ព្រមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូលសម្រាប់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន