ក្រសួងសេដ្ឋកិច្ចបង្ហើបគន្លឹះពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូចនិងមធ្យមឲ្យកាន់តែរស់រវើក

ក្រសួងសេដ្ឋកិច្ចបង្ហើបគន្លឹះពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូចនិងមធ្យមឲ្យកាន់តែរស់រវើក


ថ្លែងក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកពី គន្លឹះពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូចនិងមធ្យមឲ្យកាន់តែរស់រវើកនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងបញ្ហាដែលនាំឲ្យជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជាផងដែរ។


លោក បញ្ជាក់ថា ក្នុងបរិបទសាកលដែលមានភាពមិនប្រាកដប្រជា និងស្របតាមប្រធានបទនៃទិវាជាតិនៅថ្ងៃនេះ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូច និងមធ្យម កាន់តែមានសារៈសំខាន់សម្រាប់គោលដៅនៃការរក្សា ការជម្រុញសន្ទុះកំណើនឲ្យកាន់តែប្រសើរតាមរយៈការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុកដើម្បីលើកកម្ពស់ក្នុងការអភិវឌ្ឍសហគ្រិនភាពនិងពង្រឹងអនុលោមភាពសំដៅកាត់បន្ថយហានិភ័យទាំងពួងដែលអាចកើតមានជាយថាហេតុ។


ជាមួយគ្នានេះ លោកផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូច និងមធ្យមឲ្យកាន់តែរស់រវើកនិងគ្រប់ជ្រុងជ្រោយដូចខាងក្រោម៖

តាមដានជាមួយយើង៖ Million Times



១. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្ត រួមទាំងក្រសួងពាក់ព័ន្ធ ត្រូវបន្តជម្រុញអនុវត្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ពិសេសការរៀបចំការចុះឈ្មោះដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យកាន់តែរីកធំធាត់រហ័សនិងអាចចូលរួមពេញលេញក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព

២. គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តជម្រុញការធ្វើឌីជីថល់ពាណិជ្ជកម្មដើម្បីលើកកម្ពស់គុណភាព តម្លាភាពនៃសេវាសាធារណៈព្រមទាំងកាត់បន្ថយបន្ទុកចំណាយ និងផ្តល់ភាពងាយស្រួលឲ្យបានជាអតិបរិមាដល់ការបង្កើតនិងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា


៣. គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សហគ្រិនភាព ជាពិសេសសហគ្រិនស្រ្តី ការលើកកម្ពស់ធុរកិច្ចថ្មីព្រមទាំងការជម្រុញការចាប់យកបច្ចេកវិទ្យាឌីជីថល់ដែលពង្រឹងគ្រប់សមត្ថភាពគ្រប់គ្រងអាជីវកម្មនិងបង្កើនលទ្ធភាពនៃការប្រកួតប្រជែង


៤. អគ្គនាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រូវជម្រុញការផ្សព្វផ្សាយស្តីពីការអនុវត្តលើកទឹកចិត្តផ្នែកពន្ធដាចំពោះសហគ្រាសមីក្រូធុនតូច និងមធ្យម


៥. លើកទឹកចិត្តម្ចាស់សហគ្រាសតូចនិងមធ្យមទាំងអស់ទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីការគាំទ្រទាំងឡាយរបស់រាជរដ្ឋាភិបាលដើម្បីបន្តអភិវឌ្ឍបង្កើនសមត្ថភាព លទ្ធភាព ពិសេសតាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថល់ ការបង្កើតភាពធន់ សំដៅឆ្លើយតបលើការវិឌ្ឍយ៉ាងរហ័សនៃនិន្នាការតំបន់និងសាកលព្រមទាំងការចូលរួមជាមួយរាជរដ្ឋាភិបាលឲ្យបានពេញលេញក្នុងកិច្ចដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។


លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ថែមថា ពិភពលោកទាំងមូលរួមទាំងកម្ពុជាបានរងប្រឈមនូវភាពមិនប្រាកដប្រជាជាច្រើននៃវបត្តិកូវីដ១៩ ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចសាកលដែលបណ្តាលមកពីសង្រ្គាមសេដ្ឋកិច្ចពាណិជ្ជកម្ម សម្ពាធអតិផរណា ការអូសបន្លាយនៃសង្រ្គាមរុស្សី-អ៊ុយក្រែន អ៊ីស្រាអែល-ហាម៉ាស់ ការប្រែប្រួលអាកាសធាតុ… ដែលបញ្ហាប្រឈមជាសាកលទាំងអស់នេះបានជះឥទ្ធិពលជាអវិជ្ជមានដោយផ្ទាល់និងប្រយោលមកលើកម្ពុជា រារាំងដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ៕


អត្ថបទ៖​ នារតី