លោក ពុង​ ឃាវសែ៖ អាកាសយានដ្ឋានអន្តរជាតិតេជោមានតួនាទីយ៉ាងសំខាន់ក្នុងការដើរតួជាច្រកទ្វារថ្មីសម្រាប់ប្រទេសកម្ពុជា

លោក ពុង​ ឃាវសែ៖ អាកាសយានដ្ឋានអន្តរជាតិតេជោមានតួនាទីយ៉ាងសំខាន់ក្នុងការដើរតួជាច្រកទ្វារថ្មីសម្រាប់ប្រទេសកម្ពុជា

ក្នុងនាមជាអ្នកវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងសម្បើមអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ លោក ពុង ឃាវសែ បានគូសបញ្ជាក់ថា អាកាសយានដ្ឋានថ្មីនេះមានតួនាទីយ៉ាងសំខាន់ក្នុងការដើរតួជាច្រកទ្វារថ្មីសម្រាប់ប្រទេសកម្ពុជា តភ្ជាប់ទៅកាន់ពិភពលោក។

ក្នុងពេលទទួលស្វាគមន៍គណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វិនិយោគិននៃស្ថាប័នល្បីៗ និងតំណាងពីធនាគារកម្ពុជា តៃវ៉ាន់ និងថៃ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ថ្មីៗនេះ លោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អូស៊ីអាយស៊ី មានប្រសាសន៍ថា ​អាកាសយានដ្ឋានអន្តរជាតិតេជោមានតួនាទីយ៉ាងសំខាន់ក្នុងការដើរតួជាច្រកទ្វារថ្មីសម្រាប់ប្រទេសកម្ពុជា ក្នុងការតភ្ជាប់ទៅកាន់សហគមន៍អន្តរជាតិ។

តាមដានជាមួយយើង៖ Million Times

លោកកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រ​នៃអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

លោកបញ្ជាក់ថា ដោយមានសហការជាមួយដៃគូលំដាប់ពិភពលោកដូចជា Foster and Partners, Heerim Architects និង Changi Airports International ឥឡូវនេះដំណើរការសាងសង់របស់អាកាសយានដ្ឋានអន្តរជាតិតេជោជិតដល់ដំណាក់កាលបញ្ចប់ហើយ។ ​អាកាសយាន្តដ្ឋាន​នេះ​នឹង​រួចរាល់​សម្រាប់​កា​រដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ចុង​ខែកុម្ភៈ​ឆ្នាំ២០២៥​។​

លោកថ្លែងថា៖ ​ «បច្ចុប្បន្ន​ការ​សាងសង់​សម្រេច​បាន​៧​៨​ ​ភាគរយ​ជាមួយនឹង​ការ​វិនិយោគ​សរុប​ចំនួន​១​,​១​៣​ ​ពាន់​លាន​ដុល្លារ​ដែល​ក្នុង​នោះ​៣​៤​០​,​៥​ ​លាន​ដុល្លារ​ត្រូវ​បាន​រៃ​អង្គាស​តាមរយៈ​ការ​ចេញ​មូលបត្រ​បំណុល​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុងស្រុក​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ​សាជីវកម្ម​ ​និង​បុគ្គល​»។​

ទន្ទឹមនឹងនេះលោកក៏បានបញ្ជាក់ពី​តួនាទី​ដ៏​សំខាន់​ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​នឹង​ដើរ​តួនាទី​ជា​ច្រក​ទ្វារ​ថ្មី​របស់​កម្ពុជា​ ​ដោយ​ក្រុមហ៊ុនទន្ទឹង​រង់ចាំ​កិច្ច​សហការ​បន្ត​ ​និង​ស្វាគមន៍​ការ​វិនិយោគ​មូលបត្រ​បំណុល​អាកាសយាន្តដ្ឋាន​ថ្មី​ពី​ធនាគារ​ផ្សេងៗ​គ្នា​ ​ខណៈ​ដែល​គម្រោង​នេះ​ជិត​បញ្ចប់​។​

គួរឲ្យដឹងផងដែរថា អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ​​ត្រូវ​បាន​ចាត់​ថ្នាក់​ជាលំដាប់​ថ្នាក់​4​F​ ​ហើយ​ត្រូវ​បាន​អភិវឌ្ឍ​ជា​បី​ដំណាក់កាលដែល​លាតសន្ធឹង​លើ​ផ្ទៃដី​សរុប​ ​២​.​៦​០​០​ ​ហិច​តា​ ​ស្ថិតនៅ​ចម្ងាយ​១​៩​ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​ ​អាកាសយាន្តដ្ឋាន​នេះ​គ្រោងចំណាយ​ថវិកា​សម្រាប់​ដំណាក់កាល​ទី​១​ ​គឺ​១​,​៥​ ​ពាន់​លាន​ដុល្លារ​ ​ដោយ​មិន​រាប់បញ្ចូល​តម្លៃ​ដី​ធ្លា​៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖​ OCIC