សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចតទៅថ្ងៃអនាគត

សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចតទៅថ្ងៃអនាគត

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចតទៅថ្ងៃអនាគត។ ការលើកឡើងនេះ គឺតាមរយៈសារលិខិតរបស់សម្ដេច ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាស ធុនមីក្រូ តូច និងមធ្យមលើកទី ១ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤។

ក្នុងសារលិខិតនេះ ប្រមុខរាជរដ្ឋាភិបាល​ បានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២២ នៅកម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០មូលដ្ឋាន ហើយមានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩នាក់ ដោយក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២ នាក់។ វិស័យនេះ បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ ៦៣ភាគរយ និងផ្តល់ការងារលើសពី ៧០ភាគរយ។

តាមដានជាមួយយើង៖ Million Times

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ មានឆន្ទៈ និងការប្តេជ្ញាមោះមុត ក្នុងការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹង សមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឲ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការបន្តកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារ និងបានលើកទឹកចិត្តឲ្យគ្រប់សហគ្រាស និងតួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្របេសកកម្មដ៏ពិសិដ្ឋនេះ។ ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នា ទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្តនិងភាពទាក់ទាញដល់ការបង្កើននិង ការពង្រីកវិនិយោគបន្ថែម។

រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចតទៅអនាគត។ ហេតុដូចនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការវិនិយោគសាធារណៈបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដែលបម្រើដល់ការអភិវឌ្ឍនៃវិស័យ ក៏ដូចជាពង្រឹងយន្តការស្ថាប័ន និងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយនវានុវត្តន៍។

ម្យ៉ាងទៀត ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងបន្តខិតខំបង្កើនសមត្ថភាព និងកែលម្អសេវាសាធារណៈរបស់ខ្លួន ឲ្យកាន់តែងាយស្រួល រហ័ស និងមានប្រសិទ្ធភាព ហើយត្រូវបន្តធ្វើយ៉ាងណាឲ្យការផ្តល់សេវាឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ច និ រួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងឆាកតំបន់ និងអន្តរជាតិ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម