មន្រ្តីរដ្ឋាភិបាល ជួបទូតកូរ៉េជំរុញពន្លឿនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ

មន្រ្តីរដ្ឋាភិបាល ជួបទូតកូរ៉េជំរុញពន្លឿនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ

មន្រ្តីរាជរដ្ឋាភិបាល ជួបពិភាក្សាជាមួយទូតកូរ៉េប្រចាំនៅកម្ពុជា ដើម្បីផ្ដល់ព័ត៌មានបន្ថែមលើការពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ស្របតាមគំនិតផ្តួចផ្តើមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅ។

ក្នុងកិច្ពិភាក្សានេះ ភាគីកម្ពុជាបានផ្ដល់ព័ត៌មានជាសក្ដានុពលល្អសម្រាប់ការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ប្រាប់ទៅកាន់ស្ថានទូតកូរ៉េប្រចាំកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយបញ្ជ្រៀបអំពីសក្ដានុពល ការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ព្រមទាំងកិច្ចសម្របសម្រួលការងារវិនិយោគដល់វិនិយោគិន។ បើតាមទំព័រហ្វេសកប៊ុកលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះ។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះភាគីកម្ពុជា បានប្រាប់ភាគីកូរ៉េអំពីការត្រៀមខ្លួនក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិនិយោគិន ហើយក្នុងនោះកម្ពុជាក៏បានស្នើសុំឱ្យទូតកូរ៉េ សហការស្វែងរកវិនិយោគិនមានសក្ដានុពលពីប្រទេសកូរ៉េ ដែលមានបំណងដាក់ទុនវិនិយោគលើការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជា ពិសេសលោក ស៊ុន ចាន់ថុលផ្ទាល់ ទៅប្រទេសកូរ៉េដើម្បីគោះទ្វារផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងការគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់វិនិយោគិនកូរ៉េ។

សូមជម្រាបថា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងជំនួបជាមួយលោក យូន ស៊កយ៉ល ប្រធានាធិបតីកូរ៉េ ដែលថ្នាក់ដឹកនាំទាំងពីរបានរំលេចផ្តួចផ្តើមឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មរបស់ខ្លួននៅកម្ពុជា៕

អត្ថបទ៖ ផល​ កុសល រូបភាព៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល