ក្រុមហ៊ុនចិនចំនួន ២ នឹងមកវិនិយោគលើការផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ នៅកម្ពុជា

គណៈប្រតិភូក្រុមហ៊ុនចិនចំនួន ២ក្រុម បានសន្យាថា នឹងមកវិនិយោគលើការផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ នៅកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចផង និងដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យកាត់ដេរនៅកម្ពុជា ផង។

នៅក្នុងជំនួបជាមួយលោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១៩ ខែមិថុនានេះ គណៈប្រតិភូក្រុមហ៊ុន CID logistics Co., Ltd និងក្រុមហ៊ុន Shanghai Shunkai International Freight &Forwarding Co., Ltd នៃប្រទេសចិន បានបញ្ជាក់ថា គោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចរបស់ខ្លួន គឺដើម្បីស្វែងរកឱកាសវិនិយោគ លើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ដែលមានសក្តានុពលសំខាន់។

តាមដានជាមួយយើង៖ Million Times

គណៈប្រតិភូក្រុមហ៊ុនទាំង ២ បានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់ខ្លួន នឹងមកបន្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នាពេលអនាគត។

ជាការឆ្លើយតបលោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់អំពីរបបនៃការលើកទឹកចិត្ត ប្រកបដោយភាពអំណោយផល និងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ ស្តីពី វិនិយោគ។ បន្ថែមលើនេះ លោកក៏បានប្រកាសស្វាគមន៍ជានិច្ច សម្រាប់រាល់កិច្ចសហប្រតិបត្តិការនានា នាពេលខាងមុខ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា