ត្រឹមឆ្នាំ២០៣០ រំពឹងថាអ្នកដំណើរតាមផ្លូវដែកកម្ពុជាមានប្រមាណ១,៥លាននាក់ក្នុងមួយឆ្នាំ

ត្រឹមឆ្នាំ២០៣០ រំពឹងថាអ្នកដំណើរតាមផ្លូវដែកកម្ពុជាមានប្រមាណ១,៥លាននាក់ក្នុងមួយឆ្នាំ


បរិមាណចរចរណ៍អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវដែកត្រូវបានព្យាករណ៍មានប្រមាណ ១,៥ លាននាក់ក្នុងមួយឆ្នាំ ដែលការព្យាករណ៍នេះគិតបញ្ចូលនូវខ្សែបណ្តាញផ្លូវដែកថ្មីភ្នំពេញនិងបាវិតដែលគ្រោងនឹងអភិវឌ្ឍត្រឹមឆ្នាំ២០៣០។ នេះបើតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុរភារកម្មកម្ពុជា ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាល។


បើធៀបនឹងសមិទ្ធិផលនៃចំនួនអ្នកដំណើរតាមផ្លូវដែកនៅកម្ពុជាដោយយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុន Royal Railway Cambodia ឃើញថា ចំនួនអតិថិជនមានការកើនឡើងជាលំដាប់ ដោយឆ្នាំ២០២១មានចំនួន៣.៥៤៦នាក់ ឆ្នាំ២០២២មានចំនួន ៧៨.៨០៩នាក់ ហើយឆ្នាំ២០២៣មានចំនួន១១៦.៦៩២នាក់។


ទន្ទឹមនឹងនេះដើម្បីបង្កើនចំនួនអ្នកធ្វើដំណើរតាមផ្លូវដែកកាន់តែច្រើន ថ្មីៗនេះក្រុមហ៊ុន Royal Railway Cambodia ក៏បាននាំយករថភ្លើងចំនួន១១ដែលទិញពីជប៉ុនហើយមានល្បឿនលឿនជាងមុនមកកម្ពុជាផងដែរ។

តាមដានជាមួយយើង៖ Million Times



ជាមួយគ្នានោះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក​អាចបើក​បាន​ល្បឿនលឿនជាងពេលបច្ចុប្បន្ន ។ គម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់​រាជធានី​ភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្ត​សៀម​រាប ទៅកាន់ក្រុងសៀមរាប។


ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែក​ចំនួន​៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាម​កំពង់​ធំ និងសៀមរាប។


ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះ កម្ពុជាក៏នឹងសាងសង់ប្រព័ន្ធផ្លូវ​ដែក​ក្នុង​រាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនខ្លាំង៕



អត្ថបទ៖ នារតី
រូបភាព៖ Royal Railway Cambodia