ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ តភ្ជាប់ជើងហោះហើរត្រង់ភ្នំពេញ-ញ៉ូដេលី

ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ តភ្ជាប់ជើងហោះហើរត្រង់ភ្នំពេញ-ញ៉ូដេលី

កម្ពុជា និងឥណ្ឌាប្រកាសជាផ្លូវការជើងហោះហើរត្រង់​ និងដំបូងរវាងរាជធានីភ្នំពេញ-រដ្ឋធានីញ៉ូដេលី​ របស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air ) កាលថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងពេលប្រកាសជាផ្លូវការហោះហើរត្រង់ភ្នំពេញ-ញ៉ូដេលី លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការបើកជើងហោះហើរត្រង់នេះ នឹងពង្រឹងទំនាក់ទំនង សង្គមវប្បធម៌ និងសេដ្ឋកិច្ចយ៉ាងសំខាន់រវាងកម្ពុជានិងឥណ្ឌា។

តាមដានជាមួយយើង៖ Million Times

ការតភ្ជាប់នេះ នឹងធ្វើឲ្យភ្ញៀវទេសចរឥណ្ឌា អាចចូលទស្សនាប្រាសាទអង្គរវត្តបានកាន់តែច្រើន និងបានបង្កើនប្រជាប្រិយភាពនៃទេសចរផងដែរ។ លើសពីនេះ ជើងហោះហើរនេះផ្តល់ឲ្យអ្នកជំងឺកម្ពុជា នូវលទ្ធភាពទទួលបានការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យនៅប្រទេសឥណ្ឌា។ នាពេលខាងមុខ ក៏មានផែនការពង្រីកបណ្តាញជាមួយនឹងជើងហោះហើរបន្ថែមទៀត ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌។

ជម្រាបថា ក្រុមហ៊ុន ខេមបូឌា អង្គរអ៊ែរ នឹងចាប់ផ្តើមប្រតិបត្តិការពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤តទៅ ហើយជើងហោះហើរពីភ្នំពេញ ទៅញ៉ូដេលី នឹងដំណើរការចំនួន ៤ជើងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។

ក្រៅពីនេះក្រុមហ៊ុន អាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក៏មានជើងហោះហើរក្នុងនិងក្រៅប្រទេសជាច្រើនទៀតដូចជា ភ្នំពេញ-សៀមរាប ភ្នំពេញ-ក្រុងព្រះសីហនុ សៀមរាប-ក្រុងព្រះសីហនុ ភ្នំពេញ-ហាណូយ ភ្នំពេញ-ហូជីមិញ ភ្នំពេញ-ដាណាង ភ្នំពេញ-ដាណាងនិងទៅកាន់គោលដៅសំខាន់ៗជាច្រើនទៀត៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ផេកឧបនាយករដ្ឋមន្រ្តី នេត សាវឿន